(ភ្នំពេញ)៖ អ្នកឧកញ៉ា អ៉ឹង ប៊ុនហូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន (ING Foundation) បានប្រគេនដីទំហំជាង ២ហិកតា ជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីសាងសង់ជាអគារសិក្សាទ្រទ្រង់ដល់ការសិក្សារបស់សមណនិស្សិត និងនិស្សិត។ ដីជាង២ហិកតានេះ ស្ថិតនៅតាមបណ្តោយមហាវិថី ឈុន គង់ តំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY) ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធីប្រគេនដីជាប្រយោជន៍ដល់ការសិក្សាអប់រំនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០២៤ ដោយមានការនិមន្តជាអធិបតីដោយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីម​ហេង អមដោយសម្តេចព្រះរាជាគណៈទាំង១២អង្គ និងគណៈសង្ឃអង្គផ្សេងៗ រួមទាំង​សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតនៃពុទ្ឋិកសាកលវិទ្យាល័យព្រះសីហនុរាជ សរុប​ប្រមាណ៥៥០អង្គ/នាក់ រួមនិងក្រុមគ្រួសាររបស់អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ។

សម្តេចព្រះពោធិវ័ង្ស មានសង្ឃដីកាក្នុងពិធីនោះថា សម្ដេចពិតជាមានសេចក្ដីជ្រះថ្លាដែល​បាន​ឃើញ និងទទួលយកនូវសទ្ធាជ្រះថ្លារបស់ អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ព្រមទាំងក្រុមគ្រួសារ នូវការ​ប្រគេនដីទំហំសរុប ២២,៤២៨ម៉ែត្រការ៉េ ដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីប្រើប្រាស់ជាទីតាំងថ្មីបន្ថែមទៀតរបស់ពុទ្ឋិកសាកលវិទ្យាល័យ។

សម្ដេចបានមានសង្ឃដីកា បន្ថែមថា ក្រុមគ្រួសាររបស់អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ គឺជាពុទ្ធសាស​នូបត្ថម្ភក៍ដែលតែងតែគោរពប្រតិបត្តិ និងមានជំនឿយ៉ាងមុតមាំ ដែលតែងតែបានជួយ​ឧបត្ថម្ភ​គាំទ្រព្រះពុទ្ធសាសនា និងសង្គមជាតិជារៀងរហូតមក។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិ​កសាកល​វិទ្យា​ល័យព្រះសីហនុរាជ ក៏បានមានសង្ឃដីការសម្ដែងទឹកព្រះទ័យរំភើបរីករាយក្រៃលែង ដែលពុទ្ធិកសាកលវិទ្យាល័យ មានភព្វសំណាងជាថ្មីម្ដងទៀតបន្ទាប់ពីធ្លាប់ទទួលបានដី​ពីព្រះ​បរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ កាលពីប្រមាណ៧០ឆ្នាំមុន ប្រើប្រាស់ជាទីតាំងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមកទល់ពេលបច្ចុប្បន្ននេះ។

អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានបញ្ជាក់ថា រូបលោក និងក្រុមគ្រួសារ តែងតែចូលរួមលើក​តម្កើង​គាំទ្រ​ក្នុងវិស័យព្រះពុទ្ធសាសនា និងពុទ្ធិកសិក្សា និងបានមើលឃើញពីតម្រូវការក្នុងការ​អភិ​វឌ្ឍ​​ធនធាន​មនុស្សកម្រិតពុទ្ធិកឧត្តមសិក្សាមានការកើនឡើង និងតម្រូវការប្រើប្រាស់របស់​ពុទ្ធិ​ក​សកលវិទ្យាល័យព្រះសីហនុរាជ។ អ្នកឧកញ៉ា បន្តថា រូបលោក និងក្រុមគ្រួសារ មានសទ្ធាជ្រះថ្លា ប្រគេនទីតាំងដី១កន្លែងខាងលើនេះប្រគេនជូន ដើម្បីប្រើប្រាស់ជាទីតាំងពុទ្ធិកសកលវិទ្យាល័យថ្មីមួយទៀត ដែលអាចប្រើប្រាស់សម្រាប់ការសាងសង់ជាអគារពុទ្ធិកសាកលវិទ្យាល័យ អគារបណ្ណាល័យសិក្សា អគាររដ្ឋបាល អគារសម្រាប់អន្តេវាសិក រួមទាំងសំណង់ សិល្បការ្យ និងសំណង់ស្ថាបត្យកម្មផ្សេងទៀតតាមតម្រូវការរបស់ពុទ្ធិកសកលវិទ្យាល័យ។

អ្នកឧកញ៉ាបន្ថែមថា ការប្រគេនទីតាំងដីខាងលើនេះ ក៏មិនមែនជាលើកទី១នោះដែរ កាលពីក្នុងចន្លោះឆ្នាំ២០១៥ និង២០១៧ អ្នកឧកញ៉ា និងក្រុមគ្រួសារ បានផ្តល់ដីចំនួន៣កន្លែង ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY) ដូចគ្នា ដែលដីទី១ មានទំហំប្រមាណ ២,០០០ម៉ែត្រការ៉េ ជូនគណបក្សប្រជាជនកម្ពុជា​រាជធានី​ភ្នំពេញ ប្រើប្រាស់សម្រាប់សាងសង់ជាអគារទីស្នាក់ការគណបក្សខណ្ឌមានជ័យ និងដីទី២ មានទំហំប្រមាណ ៣,០០០ម៉ែត្រការ៉េជូនដល់សាលារាជធានីភ្នំពេញ ដើម្បីសាងសង់ជា​អគាររដ្ឋបាលសាលាខណ្ឌមានជ័យ ប្រើប្រាស់នាពេលសព្វថ្ងៃនេះ។ ដីទាំង២កន្លែងនេះជូនតាមរយៈលោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ និងទី៣ ដីទំហំ ៩,៤៧៩ ម៉ែត្រការ៉េ ជូនសហគមន៍គ្រិស្តសាសនានៅកម្ពុជា ឈ្មោះថា «ក្រុមជំនុំជីវិតថ្មី» សម្រាប់ប្រើប្រាស់សាងសង់ជាព្រះវិហារគ្រិស្តសាសនាផងដែរ ដែលបានបំពេញបេសកកម្មមនុស្សធម៌ សង្គមធម៌នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលប្រមាណជាង៣០ឆ្នាំមកហើយនោះបានជួយប្រជាជនខ្មែរជាច្រើនម៉ឺននាក់ ។

អ្នកឧកញ៉ាក៏បានលើកឡើងពីអភិវឌ្ឍនភាព នៃទីក្រុងរណប អ៉ឹង ស៊ីធី(ING City) នាពេលបច្ចុប្បន្ននេះ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដទៃទៀត នៅទូទាំងប្រទេស ដែលបាននិងកំពុង​រីកចម្រើន ដោយសារតម្លៃនៃសន្តិភាព «បើគ្មានសន្តិភាព នោះគ្មានការអភិវឌ្ឍន៍»

អ្នកឧកញ៉ា បន្តថា រយៈពេលជិត២៦ឆ្នាំមកនេះ ប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីពេញបរិបូរណ៍តាមរយៈការអនុវត្ត «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់គួរជាទីមោទកភាព។ ហេតុនេះសន្តិភាពពិតជាមានតម្លៃដ៏មហាសាល សម្រាប់មនុស្សជាតិទាំងមូល «យើងត្រូវស្អប់សង្គ្រាម យើងត្រូវស្រលាញ់ និងថែរក្សាសន្តិភាព»

អ្នកឧកញ៉ា បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាកុលបុត្រដ៏ឆ្នើម និងជាអ្នកបន្តវេន ដ៏មានសក្តានុពល ដើម្បីដឹកនាំបន្តនាវាកម្ពុជា ឆ្ពោះទៅកាន់កោះសន្តិភាព សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកឧកញ៉ាបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីក «ហ្វូនណន តេជោ» ជាគម្រោងប្រវត្តិសាស្រ្ត ដែលនឹងផ្តល់អត្ថប្រយោជន៏ជាសារវន្តដល់សង្គមជាតិ៕