(កំពង់ឆ្នាំង)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះពិនិត្យវាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវចំនួន៣គម្រោង នៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។

*គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៣ខ្សែ មាន ៥កំណាត់ ប្រវែងសរុប ១ ៧៥០ម៉ែត្រ, ទទឹង ៥ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ០,៥ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៥៣ ស្ថិតក្នុងភូមិប្រចាក់ ភូមិត្រពាំងតាសុខ ភូមិព្រៃមូល និងភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
*គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១៤១៣ម៉ែត្រ, ទទឹង៥ម៉ែត្រស្ថិតនៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
*គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៤ពាន់ម៉ែត្រ, ទទឹង ៦ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ, ស្ថិតនៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលគម្រោងទាំងអស់នេះអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ។

ជុំវិញគម្រោងផ្លូវខាងលើនេះ, លោកបណ្ឌិតរដ្ឋលេខាធិការ​ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងបីខ្សែនេះ សម្រេចបានតាមផែនការ នៅក្នុងសុពលភាព និងប្រកបដោយគុណភាព ព្រោះផ្លូវនៅជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយគិតគូរពីភាពធន់និងការប្រែប្រួលអាកាសធាតុ ទាំងផ្លូវដីស, ផ្លូវល្បាយក្រួស, និងផ្លូវក្រាសកៅស៊ូពីរជាន់ ឬក្រាលបេតុង ដើម្បីបង្កភាពងាយស្រួលដល់ ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ចំណេញពេលវេលា, កាត់បន្ថយចំណាយលើការដឹកជញ្ជូន ឬផលិតផលផ្សេងៗ ទៅកាន់ទីផ្សារ និងភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈជាដើម។

យោងតាមរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានឆ្នាំ២០២៣ របស់ក្រសួង- អភិវឌ្ឍន៍ជនបទ ក្នុងនោះគិតត្រឹមឆ្នាំ២០២៣ ក្រសួងបានស្ថាបនាស្តារ និងកែលម្អផ្លូវជនបទសរុបប្រវែងជាង ៥០ ពាន់គីឡូម៉ែត្រ និងបានចងក្រងជាបញ្ជីសារពើភ័ណ្ឌ និងប្រព័ន្ធគ្រប់គ្រងផ្លូវជនបទរួចរាល់ក្នុងនោះរួមមាន៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែងជាង ៥ ពាន់គីឡូ ម៉ែត្រ, ផ្លូវក្រាលបេតុងប្រវែងជាង ១ពាន់គីឡូម៉ែត្រ, ផ្លូវល្បាយក្រួសប្រវែងជាង ៣១ពាន់គីឡូម៉ែត្រ, និងផ្លូវដីសប្រវែង ១២ពាន់គីឡូម៉ែត្រ៕