(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានឯកភាពពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ។

ដំណឹងនេះធ្វើឡើងក្នុងអំឡុងជំនួបសម្តែងការគួរសមនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ រវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។

បើតាមក្រសួងការបរទេស ភាគីទាំងពីរបានឯកភាពពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក និងបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយទីផ្សារកាន់តែច្រើនសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ បង្កើតការងារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនផលប្រយោជន៍ទៅវិញទៅមក។

លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៤ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ផងដែរ៕