(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តមភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនៅប្រទេសកូរ៉េខាងត្បូង។
ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងតបតាមការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។
ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសកូរ៉េខាងត្បូងនាពេលនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូង ឱ្យកាន់តែល្អប្រសើរថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ Fresh News សូមដកស្រង់នូវព័ត៌មានសំខាន់ៗមួយចំនួនពាក់ព័ន្ធទំនាក់ទំនងរវាងប្រទេសទាំងពីរ៖
+ ទំនាក់ទំនងការទូត៖
កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧។ ចំណងការទូតនេះ ត្រូវបានបង្កើតឡើងវិញ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ឬអាចហៅបានថា សម្តេចតេជោ ជាឆ្មបបង្កើតនូវទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង។
បន្ទាប់ពីបង្កើតជាផ្លូវការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹងពង្រីក និងលើកកម្ពស់ឱ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់។
ដើម្បីពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង សមេ្ដចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចំនួន៨លើក។ ក្នុងនោះទស្សនកិច្ចផ្លូវការចំនួន៥លើក ធ្វើឡើងឆ្នាំ១៩៩៦, ២០០១, ២០០៦, ២០០៩ និង ២០១៤។ ទស្សនកិច្ចក្រៅផ្លូវការចំនួន ៣លើក ធ្វើឡើងនៅឆ្នាំ២០០៨, ២០២០ និង២០២២។
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រួមមានអតីតប្រធានាធិបតី រ៉ូ មូយុន ទស្សនកិច្ចផ្លូវរដ្ឋនៅថ្ងៃទី១៩-២២ ខែវិច្ឆិកា ឆ្នាំ២០០៦, អតីតប្រធានាធិបតី លី ម្យុងបាក់ ទស្សនកិច្ច ២លើក គឺទស្សនកិច្ចផ្លូវរដ្ឋនៅខែតុលា ឆ្នាំ២០០៩ និងចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ាន នៅខែវិច្ឆិកា ឆ្នាំ២០១២, អតីតប្រធានាធិបតី មូន ចេអ៉ីន ទស្សនកិច្ចផ្លូវរដ្ឋ នៅខែមីនា ឆ្នាំ២០១៩។ ជាមួយគ្នានោះ លោកប្រធានាធិបតី យូន ស៊កយ៉ល បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំកំពូលពាក់ព័ន្ធ នៅខែវិច្ឆិកា ឆ្នាំ២០២២។
+ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖
ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១លានដុល្លារ។ រយៈពេល៣ខែឆ្នាំ២០២៤ សម្រេចបានជិត ២០០លានដុល្លារអាមេរិក។
ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកូរ៉េក្នុងឆ្នាំ២០២៣ រួមមាន ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ អាលុយមីញ៉ូម ម៉ាស៊ីន និងបរិធានមេកានិក វត្ថុធ្វើអំពីស្បែក ប្រដាប់ប្រដាក្មេងលេង វត្ថុចាំបាច់សម្រាប់កីឡា ផលិតផលឱសថ ប្លាស្ទិក ក្រដាសនិងក្រដាសកាតុង កៅស៊ូ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ជាដើម។
ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីកូរ៉េ ក្នុងឆ្នាំ២០២៣ រួមមាន យានជំនិះ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ភេសជ្ជៈ ស្រា និងទឹកខ្មេះ ស្បែកឆៅ (ក្រៅពីស្បែកជាប់រោម) ស្បែកសម្លាប់ ប្លាស្ទិក ផលិតផលឱសថ វត្ថុវាយនភណ្ឌកែច្នៃរួចផ្សេងទៀត កៅស៊ូ ម៉ាស៊ីន និងបរិធានមេកានិកជាដើម។
កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំកាន់តែធំឡើង។
ដោយឡែកការវិនិយោគវិញ ចាប់ពីឆ្នាំ១៩៩៤ ដល់ដើឆ្នាំ២០២៤នេះ ទុនវិនិយោគមកពីកូរ៉េខាងត្បូង មានទំហំជាង ៥ពាន់លានដុល្លារអាមេរិក។
+ ការអប់រំ៖
ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ មានសិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាសរុបចំនួន ២,៩០១នាក់ បានទទួលការបណ្តុះបណ្តាលរយៈពេលវែង និងខ្លីនៅកូរ៉េខាងត្បូង។ ចាប់ពីឆ្នាំ១៩៩៤ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មានិស្សិតចំនួន ៣៥២នាក់ បានទទួលអាហារូបករណ៍សិក្សារយៈពេលវែង។
+ ការផ្តល់ហិរញ្ញប្បទាន៖
ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កូរ៉េខាងត្បូង បានបើកផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់កិច្ចអភិវឌ្ឍនៅកម្ពុជាប្រមាណ ៤៥៥លានដុល្លារអាមេរិក។
គិតចាប់ពីឆ្នាំ២០០១ ដល់ខែធ្នូ ឆ្នាំ២០២៣ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ឥណទានសម្បទាន សរុបជាង ១.៨ប៊ីលានដុល្លារអាមេរិក សម្រាប់កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន៣៦។
+ ពលករ និងពលរដ្ឋខ្មែរធ្វើការ និងរស់នៅកូរ៉េខាងត្បូង៖
ពីឆ្នាំ២០០៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ១០៥,៨៤៤នាក់ (ស្រី ២៣.០៧៦ នាក់) ទៅធ្វើការនៅកូរ៉េខាងត្បូង ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ ។ ក្នុងនោះ ពលករបន្តអាណត្តិមានចំនួន ១៣,៩២៦នាក់ (ស្រី ២.៥០២ នាក់)។
លករកម្ពុជាបម្រើការក្នុងវិស័យឧស្សាហកម្ម (៦៥.៣១៧ នាក់) កសិកម្ម (៣៥.០១១ នាក់) និងសំណង់ (៥.៥១៦ នាក់)។
គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពលករកម្ពុជាចំនួន ៤៥,១៧០នាក់ (ស្រី ១២,០៣៩ នាក់) កំពុងធ្វើការនៅកូរ៉េខាងត្បូង ដោយទទួលបានបៀរវត្សរ៍ប្រចាំខែជាមធ្យមប្រមាណ ១,៤៥០ដុល្លារអាមេរិក។
គិតត្រឹមខែមីនា ឆ្នាំ២០២៤ និស្សិតខ្មែរកំពុងសិក្សានៅកូរ៉េខាងត្បូងមានចំនួន ៣៩៩នាក់ ហើយស្ត្រីរៀបការជាមួយពលរដ្ឋកូរ៉េមានចំនួន ៤,៦៤១នាក់៕