(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការី នាព្រឹកថ្ងៃពុធទី១៥ ខែឧសភា ឆ្នាំ២០២៤ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ ដោយរងគ្រោះដោយសារខ្យល់កន្ត្រាក់ (ក្នុងនោះប៉ើងដំបូលទាំងស្រុងចំនួន ១១ខ្នងផ្ទះ និងប៉ះពាល់ធ្ងន់ធ្ងរចំនួន ៣៩ខ្នងផ្ទះ) មកពី៧ភូមិ ក្នុងឃុំចំនួន៥ នៃស្រុកកំរៀង ខេត្តបាត់ដំបង ។

នាឱកាសនោះ លោក សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយក មកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរ។

លោកបានបន្តថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។

ថ្លែងក្នុងពិធីនេះលោកបានអំពាវនាវដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមយុទ្ធនាការ ដាំដើមឈើឱ្យបានច្រើនព្រោះថា ដើមឈើគឺជាជម្រកយ៉ាងត្រជាក់ត្រជុំសម្រាប់មនុស្ស និងសត្វដូចជា ដើមឈើនៅតាមព្រៃភ្នំជាជម្រក របស់សត្វព្រៃទាំងឡាយជ្រកអាស្រ័យ។ ចំណែករុក្ខជាតិដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រករបស់មនុស្សផង។ ឯដើមឈើណាដុះនៅតាមដងផ្លូវ គឺជាទីពឹងរបស់អ្នកដំណើរចូលទៅជ្រកសម្រាកកាយ បរិភោគអាហារដោយក្តីរីករាយនៅក្រោមម្លប់ឈើនោះ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួរ ទឹក បរិសុទ្ធ ១កេស និងត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង ក្រមា) ដោយដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង១ផងដែរ៕