(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤) ដែលជាអង្គប្រតិប​ត្តិច្បាប់ពោរពេញដោយកិត្យានុភាព និងឧត្តមភាពក្រោមស្នាមព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរដោយមនោសញ្ចេតនា សោមនស្សរីករាយយ៉ាងក្រៃលែង ព្រមទាំងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រលាញ់ យ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រអស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្រ្តី នគរបាលជាតិគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ក៏ដូចជានិវត្តន៍ជននគរបាលជាតិទាំងអស់ ដែលបានលះបង់ សព្វបែបយ៉ាង ដើម្បីសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរ ដល់មន្ត្រីនគរបាលជាតិ និងក្រុមគ្រួសារ ដែលមានជំងឺ ឬរបួស កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬគេហដ្ឋាន សូមឆាប់ជាសះស្បើយ ដើម្បីបានវិលត្រឡប់មករួមរស់ជួបជុំក្រុមគ្រួសារ និង បានមកបំពេញការងារនៅតាមអង្គភាពវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិកម្ពុជា បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន មោះមុត និងឈ្លាសវៃបំផុត ដោយបានរួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ដើម្បីស្ដារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍ ដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបាននូវបរិយាកាសសង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្ដៅ និងមាន ជំនឿទុកចិត្ត។

គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះគឺ ការធ្វើពលិកម្មប្រកបដោយភក្តីភាពរបស់កងកម្លាំងនគរបាលជាតិ ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការរក្សាបាននូវស្ថិរភាពសន្តិសុខផ្ទៃក្នុង ការបង្ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានាបានប្រក្រតីកម្មស្ថាប័នជាតិ ជីវភាពសង្គម និងគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់អង្គព្រះមហាក្សត្រ បេសកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ អន្ដរជាតិ ក៏ដូចជាព្រឹត្តិការណ៍ជាតិ អន្ដរជាតិសំខាន់ៗជាប្រវត្តិសាស្ដ្រ ដែលរៀបចំនៅកម្ពុជា ត្រូវបានដំណើរការប្រកបដោយសុវត្ថិភាពទាំងស្រុង ដោយបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិឲ្យល្បីរន្ទឺនៅលើឆាកអន្ដរជាតិ។

ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖