ផ្ទុះរោចក្រផលិតអាល់កុលនៅភាគឦសានប្រទេសថៃ ឆក់យកជីវិតមនុស្ស០៣នាក់
12-09-2016 18:03
(បាកកក)៖ កម្មករចំនួន០៣នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតអាល់កុល នៅខេត្ត Khon Kaen ភាគឦសានប្រទេសថៃ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។
លោក Sarawut Dansuk មន្រ្តីប៉ូលីសក្រុងបាងកក បានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះដែលជាជនជាតិថៃទាំង០៣នាក់ បាននិងកំពុងធ្វើការជួសជុល គម្របអាងស្តុក កាកសំណល់ទឹក នៅរោងចក្រអាល់កុល ដែលជារបស់ក្រុមហ៊ុនថាមពលអាល់កុលថៃ ក្នុងខេត្ត Khon Kaen ចម្ងាយប្រមាណ ៣៩០គីឡូម៉ែត្រ ពីរាជធានីបាងកក។
មន្ត្រីប៉ូលីសខាងលើបាននិយាយទៀតថា «វាអាចមានការលេចធ្លាយចេញនូវឧស្ម័ន ដែលបណ្តាលឲ្យមានការផ្ទុះកើតឡើង ខណៈពេលដែលពួកគេកំពុងធ្វើការជួសជុល ហើយតាមការពិនិត្យសាកសពបង្ហាញថា ពួកគេបានស្លាប់ដោយសារការផ្ទុះនេះពិតប្រាកដមែន»។
ជាមួយគ្នានេះដែរ សមត្ថកិច្ចកំពុងតែ ធ្វើការស៊ើបអង្កេតលើករណីនេះថាតើ ក្រហ៊ុនអាល់កុលខាងលើ ជាអ្នកទទួលខុសត្រូវ ក្នុងគោះថ្នាក់នេះឬយ៉ាងណា៕