(ភ្នំពេញ)៖ បណ្ណាល័យជាតិកម្ពុជា ត្រូវបានកសាងឡើងនៅទី២៤ ខែធ្នូ ឆ្នាំ១៩២៤ ដោយរដ្ឋាភិបាលអាណានិគមបារាំងនៅឥណ្ឌូចិន។ នៅឆ្នាំ១៩៥៤ ក្រោយពីទទួលឯករាជ្យពីអាណានិគមបារាំងមកបណ្ណាល័យនេះ បានប្តូរឈ្មោះពីបណ្ណាល័យកណ្តាល មកបណ្ណាល័យជាតិកម្ពុជាវិញ។ ក្នុងរបបប៉ុលពត ពីឆ្នាំ១៩៧៥-១៩៧៩ បុគ្គលិកបណ្ណាល័យភាគច្រើនត្រូវបានគេសម្លាប់យ៉ាងឃោរឃៅ ហើយបណ្ណាល័យត្រូវទទួលរងនូវ ការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។

បណ្ណាល័យជាតិកម្ពុជា ក៏ដូចជាអាគារភាគច្រើននៅទីក្រុងភ្នំពេញ បានរស់រានមានជីវិតឡើងវិញ ក្រោយពីរបបនៃរដ្ឋាភិបាលមួយគ្រប់គ្រងដោយខ្មែរក្រហម។ ចំណែកឯធនធានឯកសារមួយផ្នែក បាននៅសេសសល់គង់វង្សរហូតដល់បច្ចុប្បន្ននេះ។ បណ្ណាល័យ នៅតែបន្តរក្សាទុកបាននូវឯកសារសាស្ត្រាស្លឹករឹត និងធនធានសៀវភៅដ៏មានតម្លៃពីឆ្នាំដំបូងៗ នៃជំនាន់អាណានិគមបារាំង។

បណ្ណាល័យជាតិបានបើកទ្វារឡើងវិញ នៅឆ្នាំ១៩៨០ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ចាប់តាំពីពេលនោះមក បណ្ណាល័យជាតិ បានតស៊ូយ៉ាងលំបាកដើម្បីរៀបចំដំណើរការសេវាកម្មនានាឡើងវិញ ដោយបុគ្គលិកស្ទើរតែគ្មានជំនាញ ហើយព្រមជាមួយគ្នានោះក៏គ្មានថវិកាគ្រប់ គ្រាន់សម្រាប់រៀបចំដំណើរការ និងប្រមូលទិញសៀវភៅដាក់បណ្ណាល័យផងដែរ។

ទោះជាយ៉ាងនេះក៏ដោយ ក៏មានការរីកចម្រើនជាលំដាប់ផងដែរ ជាពិសេសដោយមានការជួយឧបត្ថម្ភគាំទ្រ ពីបណ្តាប្រទេសនានា ពីរដ្ឋាភិបាលបរទេស ពីអង្គការ និងអ្នកស្ម័គ្រចិត្តនានា ក្នុងនោះ រួមមាន រដ្ឋាភិបាលបារាំង សាកលវិទ្យាល័យករនែល Cornell បណ្ណាល័យជាតិ អូស្រ្តាលី ស្ថានទូតអូស្រ្តាលី និងមជ្ឈមណ្ឌលអប់រំអូស្រ្តាលីរដ្ឋាភិបាលនូវែសេឡង់ សមាគមប្រជាជាតិអាស៊ី-អគ្នេយ៍ អាស៊ានអង្គការយូណេស្កូ ស្ថានទូតសហរដ្ឋអាមេរិក រដ្ឋាភិបាលសាធារណរដ្ឋប៉ូឡូញតាមរយៈស្ថានទូតសាធារណរដ្ឋប៉ូឡូញប្រចាំនៅទីក្រុបាងកក និងបណ្តាស្ថានទួតនានាក្នុងព្រះរាជាណាចក្រ កម្ពុជា។ ប្រទេសបារាំង បានជួយផ្តល់ថវិកាដល់ផ្នែកបេតិកភណ្ឌសម្រាប់ថែរក្សាការពារ និងការរៀបចំឯកសារកាលពីជំនាន់អណានិគមបារាំង និងការជួសជុលសាស្រ្តាស្លឹករឹត ដែលឧបត្ថម្ភផ្ទាល់ ដោយសាលា បារាំងចុងបូព៌ា។

សៀវភៅទាំងនេះ ត្រូវបានបោះពុម្ព ក្នុងក្រមខ័ណ្ឌនៃកម្មវិធីស្គែនសៀភៅចាស់ៗជាភាសាបាំរាំង និងភាសាខ្មែរដែលផ្តល់ហិរញ្ញប្បទាន ដោយគម្រោងមូលនិធិសាមគ្គីភាពជាអាទិភាព ដើម្បីលើកតម្កើងវិស័យសំណេរនៅអាស៊ីអាគ្នេយ៍ហៅកាត់ថា FPS –VALEASE នៃស្ថានទូបារាំងប្រចាំនៅកម្ពុជានិងក្រសួងការបរទេសបារាំង។ គម្រោងនេះ បានបំពាក់នៅសម្ភារដូចជាកុំព្យូទ័រ គ្រឿងសង្ហារឹមភ្ជាម់ប្រព័ន្ធNet work enternet សេវាកម្មថែទាំព្រមទាំងផ្តល់នូវការបណ្តុះបណ្តាលជំនាញដល់បណ្ណារក្សផងដែរ។

ព្រះករុណា ព្រះបាទសម្តេច ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី និងព្រះរាជវរមាតាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះអង្គបានព្រះរាជប្រទានអំណោយដ៏ថ្លៃថ្លានូវសៀវភៅជាបន្តបន្ទាប់ មកដល់បណ្ណាល័យជាតិកម្ពុជា សម្រាប់ផ្តល់ជូនសិស្សនិស្សិតនិងអ្នកស្រាវជ្រាវបានបំពេញបន្ថែមដល់ធនធានឯកសាររបស់បណ្ណាល័យថែមទៀត។ ទន្ទឹមនឹងនោះ ធនាគារ ANZ Royal បានសហការជាមួយបណ្ណាល័យជាតិ បានផ្តល់ថវិកាសម្រាប់ការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា ដល់សិស្សនិស្សិតនិងអ្នកស្រាវជ្រាវទាំងអស់នៅបណ្ណាល័យជាតិកម្ពុជាផងដែរ។

អង្គការ UNISCO ជាអ្នកជួយបង្កើតការិយាល័យចុះបញ្ជីលេខសៀវភៅតាមខ្នាតអន្តរជាតិហៅ ថាលេខ ISBN។

គណៈកម្មកាជាតិយូណេស្កូ បានយកចិត្តទុកដាក់ទៅលើឯកសារចាស់ៗ ដោយបានផ្តល់ជាគម្រោងសម្រាប់ការថែរក្សា និងការពារនិងសម្ភារជួសជុលសៀវភៅ និងបោះពុម្ពបញ្ជីគន្ថនិទេសជាតិ។ រីឯសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ (អាស៊ាន) និងអាស៊ានបូកបី បានផ្តល់ម៉ាស៊ីនស្កេនសម្រាប់ស្គេនឯកសារចាស់ៗអំពីកម្ពុជា ជាឯកសារអេឡិចត្រូនិច និងបានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្រ្តីបណ្ណាល័យជាតិថែមទៀតផង។

ការប្រមូលធនធានឯកសារនៅបណ្ណាល័យជាតិ គឺមានគោលបំណងសំខាន់ដើម្បី អភិរក្សថែរក្សាមរតកបេតិកភ័ណ្ឌនៃវប្បធម៌ជាតិ។ បណ្ណាល័យ មានការប្រមូលផ្ដុំដ៏ទូលំទូលាយនូវឯកសារគ្រប់ប្រភេទដែលបានបោះពុម្ពផ្សាយនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេស។ តួនាទីដ៏សំខាន់នៃបណ្ណាល័យជាតិកម្ពុជា មិនតែត្រឹមអភិរក្ស គឺពង្រីកការប្រើប្រាស់ សេវាកម្ម បណ្ណាល័យសម្រាប់ជួយគាំទ្រដល់ការសិក្សាជាន់ខ្ពស់ ការស្រាវជ្រាវ និងដើម្បីគាំទ្រដល់ការប្រមូលសៀវភៅដល់ បណ្ណាល័យផ្សេងទៀត។ ឯកសារយោង និងសៀវភៅទាំងអស់នៅក្នុងបណ្ណាល័យត្រូវរបានដាក់តាំងបង្ហាញនៅសាលអាន។ ធនធានឯកសារផ្សេងទៀតត្រូវបានដាក់តាំងនៅក្បែរគ្នា ដែលបង្ករភាពងាយ ស្រួលដល់ការស្វែងរក។ ភ្ញៀវអាចអាន និងអាចថតចម្លងសៀវភៅទាំងនោះបានតែនៅក្នុងសាលអាន តែប៉ុណ្ណោះ ក៏ប៉ុន្តែសៀវភៅសម្រាប់ខ្ចីមានផ្នែកសាលខ្ចី ដែលជាផ្នែកតូចមួយ នៃបណ្ណាល័យជាតិ ដែលបើកបម្រើសេវាកម្មខ្ចី អានជូនជាបណ្ណាល័យសាធារណៈ៕

ប្រភព៖ បណ្ណាល័យជាតិកម្ពុជា