(ភ្នំពេញ)៖ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យនីតិវិធី នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចតាមបណ្ដោយផ្លូវលេខ១០៨០ ភូមិស្រែអំពិល សង្កាត់ឆ្នេរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ព្រមទាំងរថយន្ត១គ្រឿង និងរកឃើញសារធាតុញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់២៩៨៨ក្រាម ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ក្រោយពីទទួល និងពិនិត្យសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ចំនួន២នាក់ និងបក្ខពួក ពីបទ៖ ជួញដូរ, ដឹកជញ្ចូនដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕