(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ នៃគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា។

នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃ សម្តេចធិបតីហ៊ុន ម៉ាណែត បានបង្ហោះសារអមដោយលិខិតសិទ្ធិប្រទានប្រគល់ភារកិច្ចជូនលោក គី តិច ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖

ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ នៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា,

ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ, ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយ ដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ។

ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងរបស់រូបខ្ញុំផ្ទាល់ពាក់ព័ន្ធនឹងករណីនេះ។

ក្រោយពេលដែលឃើញមានផ្សព្វផ្សាយ តាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណង របស់ប្រជាពលរដ្ឋដែលបានវិនិយោគ នៅលើគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា, នៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភ: ឆ្នាំ២០២៤ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា ជូនឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់ខ្ញុំ ដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះ។

តាមការប្រគល់ភារកិច្ច, ឯកឧត្តម សាយ សំអាល់ បានព្យាយាមធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយ ជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និងទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែ ដំណោះស្រាយតាមវិធីនេះ ពុំអាចធ្វើទៅបាន។

ជាមួយគ្នានេះ, សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជា គម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែ ផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។

ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ, នៅថ្ងៃទី១២ មីនា ២០២៤ ខ្ញុំបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ និងឈានទៅឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន។

ជាមួយគ្នានេះ, នៅថ្ងៃទី១៣ មីនា ២០២៤ ខ្ញុំបានធ្វើសំណើថ្វាយ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណា ដែលមានព្រះរាជក្រឹត្យចុះហត្ថលេខា ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី១៤ មីនា ២០២៤។

ទោះបីជាសំណុំរឿងស្ថិត នៅក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាលនៅបន្តតាមដានករណីនេះជាប្រចាំ និងបានប្រគល់ភារកិច្ចឱ្យសមត្ថកិច្ចពាក់ព័ន្ធ បន្តការស្រាវជ្រាវ និង សហការគាំទ្រដល់ដំណើការរបស់តុលាការគ្រប់រូបភាព ដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់។

ចុងក្រោយនេះ, យោងតាមសំណូមពរពីប្រជាពលរដ្ឋ ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ដើម្បីជួយក្នុងករណីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដែលមានឯកឧត្តម គី តិច ជាប្រធាន ដើម្បីខិតខំការពារប្រជាពលរដ្ឋរងគ្រោះក្នុងករណីនេះ ព្រមទាំងផ្តល់នូវជំនួយផ្នែកច្បាប់នានា តាមការចាំបាច់ ជាពិសេស ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ តាមផ្លូវតុលាការ។ ខ្ញុំស្នើមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ទៅតាមនីតិវិធីជាធរមាន។ រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុក ដាក់លើសំណុំរឿងនេះ។

យើងនឹងបន្តខិតខំរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយសមស្រប ជូនប្រជាពលរដ្ឋ ទៅតាមនីតិវិធីច្បាប់ជាធរមាន។

សូមជម្រាប សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ​បានសម្រេចឃុំខ្លួនអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ។ ពួកគេត្រូវបានប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ, បទ «សម្អាតប្រាក់» តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ បន្ថែមលើសពីនេះ បក្ខពួករបស់អតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការ៕