(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានប្រគល់ម៉ាស៊ីនភ្លើងតម្លៃជាង ៥ម៉ឺនដុល្លារអាមេរិក និងរទេះរុញចំនួន២០គ្រឿង ជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ពិធីប្រគល់នេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង, លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង ករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់, អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា និងក្រុមគ្រួសារ ព្រមទាំងលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ១៥០នាក់។
ក្នុងពិធីនោះ អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានបញ្ជាក់ថា ដោយឃើញពីកង្វះខាត និងភាពចាំបាច់នៃការប្រើប្រាស់អគ្គីសនី នៅពេលមានការរអាក់រអួលផ្គត់ផ្គង់អគ្គីសនីពីខេត្ត ជាពិសេសនៅអំឡុងពេលវះកាត់អ្នកជំងឺ។ កន្លងទៅក្រុមគ្រូពេទ្យបានប្រើប្រាស់ភ្លើងទូរស័ព្ទដើម្បីវះកាត់អ្នកជំងឺ ពេលដាច់ចរន្តអគ្គិសនី ឬម៉ាស៊ីនភ្លើងក៏ខូចជាដើម។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានសម្ដែងការសាទរចំពោះការទទួលបានសម្ភារថ្មី ដើម្បីគាំទ្រដំណើរការសេវាព្យាបាល និងសង្រ្គោះអ្នកជំងឺដែលត្រូវការចាំបាច់នៅពេលចរន្តអគ្គិសនីដាច់។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានពាំនាំនូវការថ្លែងកោតសរសើរអស់ពីដួងចិត្តពីសំណាក់លោកអភិបាលខេត្ត ជូនចំពោះអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន និងក្រុមគ្រួសារ។ ជាពិសេសករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់ និងរំលឹកគុណូបការៈរបស់មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន កាលពីលោកនៅមានព្រះជន្ម តែងយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រស្ទើរគ្រប់វិស័យនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង និងខេត្តដទៃទៀត ដែលយើងទាំងអស់គ្នាបានឃើញជាបន្តបន្ទាប់ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
ដើម្បីតបស្នងសទ្ធារបស់ក្រុមគ្រួសារអ្នកឧកញ៉ា អ៉ឹង ប៊ុនហូវ, លោកអភិបាលរងខេត្តកំពង់ឆ្នាំង អំពាវនាវវេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ មេត្តាជួយព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋ ប្រកបដោយ គុណធម៌ និងក្រមសីលធម៌។
ក្នុងពិធីព្រឹកមិញនេះ អ្នកឧកញ៉ា អ៉ឹង ប៊ុនហូវ បានឧបត្ថម្ភថវិកាបន្ថែម៨លានរៀលជូនមន្ទីរពេទ្យ និងបានឧបត្ថម្ភថវិកាជូនអ្នកជំងឺកំពុងសម្រាកព្យាបាលសរុបប្រមាណ ២០០នាក់ ក្នុង១នាក់ ៤ម៉ឺនរៀល។
សូមបញ្ជាក់ថា ករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់ និងអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារ ជាអ្នកដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាដល់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ក្នុងនោះ បានជួយសាងសង់អគារនៅមន្ទីរពេទ្យនេះមុនគេ កាលពីឆ្នាំ១៩៩៨ និងអគារជាច្រើនទៀត និងថ្មីៗនេះមន្ទីរពេទ្យ ក៏បានទទួលម៉ាស៊ីនលាងឈាម ដែលបានជួយសង្គ្រោះជីវិតអ្នកជំងឺជាច្រើនផងដែរ។
ការឧបត្ថម្ភជាបន្តបន្ទាប់សរុបជាថវិការប្រមាណ ៣៥ម៉ឺនដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៤ ដោយមានការសាងសង់អគារសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារ ថ្នាំពេទ្យ សាងសង់អគារសម្ភព តបណ្តាញទឹក ចាក់ដី ក្រួសក្រហមក្នុងបរិវេណមន្ទីរពេទ្យខេត្ត ជាពិសេសម៉ាស៊ីនលាងឈាមចំនួន២គ្រឿង ម៉ាស៊ីនអេកូចំនួន ១គ្រឿង ម៉ាស៊ីនបន្សុតទឹកចំនួន ១គ្រឿង និងជួសជុលអគារផ្នែកលាងឈាមកាលពីខែមីនា ឆ្នាំ២០២៣៕