(ភ្នំពេញ)៖ តា ម៉ក់ ហឺន អ្នកនិយាយពីបញ្ហាក្នុងសង្គមកម្ពុជា ពីលើទឹកដីអាមេរិក បានអញ្ជើញមកកម្ពុជាទៀតហើយ ក្នុងបំណងពិនិត្យមើលដោយផ្ទាល់ភ្នែកអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល៨ខែកន្លងមកនេះ។
តា ម៉ក់ ហឺន និងភរិយា បានអញ្ជើញមកដល់កម្ពុជាជាថ្មីម្តងទៀតនៅព្រឹកថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ។ ដំណើរមកកាន់កម្ពុជាជាលើកទី៣នេះ តា ម៉ក់ ហឺន គ្រោងស្នាក់នៅកម្ពុជារយៈពេលជាង ២០ថ្ងៃ។
តា ម៉ក់ ហឺន បានឱ្យដឹងថា ដំណើរមកកាន់កម្ពុជានាពេលនេះ មានគោលបំណងធំ គឺពិនិត្យមើលសមិទ្ធផលការងារដែលរាជរដ្ឋាភិបាលនីតិកាលថ្មីសម្រេចបាន។ បន្ថែមពីលើនោះ លោក ក៏នឹងអញ្ជើញពិនិត្យព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប និងនៅក្រុងតាខ្មៅ។ ក្រៅពីនេះ តា ម៉ក់ ហឺន ក៏នឹងឈ្វេងយល់លើគម្រោងព្រែកជីកហ្វូណន-តេជោផងដែរ។
តា ម៉ក់ ហឺន ជាអ្នកនិយាយពីបញ្ហាសង្គមខ្មែរតាមបណ្តាញសង្គមមួយរូប ដែលរស់នៅលើទឹកដីអាមេរិក។ មកដល់ពេលបច្ចុប្បន្ននេះ តា ម៉ក់ ហឺន មានអាយុជាង ៨០ឆ្នាំហើយ។ គាត់បានទៅរស់នៅលើទឹកដីអាមេរិកតាំងពីដើមទសវត្សរ៍១៩៨០មកម្ល៉េះ។
ដើមឡើយ តា ម៉ក់ ហឺន ជាអ្នកនិយាយរិះគន់រាជរដ្ឋាភិបាល រិះគន់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនសំចៃមាត់នោះទេ។ ការនិយាយនោះ ក៏ដោយសារទទួលព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយពីប្រទេសកម្ពុជា។
ដោយចង់ឱ្យតា ម៉ក់ ហឺន ជាពិសេសខ្មែររស់នៅអាមេរិក បានឃើញដោយផ្ទាល់ភ្នែកពីស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ និងអញ្ជើញខ្មែរក្រៅប្រទេសទាំងអស់ឱ្យមកលេងស្រុកខ្មែរ ដោយមិនប្រកាន់ទោសអូសដំណើរចំពោះពាក្យសម្តីធ្ងន់ស្រាល ហើយក៏មិនមានការប្រើវិធានការច្បាប់ណាមួយ ដូចការផ្សព្វផ្សាយបំភិតបំភ័យរបស់ខ្មែរប្រឆាំងនោះដែរ។
បន្ទាប់ពីឮការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ នៅខែតុលា ឆ្នាំ២០២២ តា ម៉ក់ ហឺន ក៏បានដឹកដៃភរិយាមកលេងស្រុកខ្មែរជាលើកដំបូង បន្ទាប់ពីបានឃ្លាតឆ្ងាយអស់រយៈពេលជិត ៤០ឆ្នាំ។ ដំណើរវិលមកប្រទេសកំណើតនាពេលនោះ តា ម៉ក់ ហឺន និងភរិយា បានអញ្ជើញដើរលេងគ្រប់ខេត្តទូទាំងប្រទេស។
តា ម៉ក់ ហឺន និងភរិយា ក៏បានមកកាន់ប្រទេសកម្ពុជាម្តងទៀត នៅខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូលរួមពិនិត្យមើលដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបានអញ្ជើញមកកាន់ប្រទេសកម្ពុជា តា ម៉ក់ ហឺន ក៏បានយកអ្វីដែលបានឃើញផ្ទាល់ភ្នែក ទៅនិយាយ ទៅផ្សព្វផ្សាយទាំងលើបណ្តាញសង្គម និងវេទិកានានាលើទឹកដីអាមេរិក ដើម្បីផ្តល់ព័ត៌មានពិតពីប្រទេសកម្ពុជា ជូនដល់ខ្មែររស់នៅសហរដ្ឋអាមេរិក។
បើតាមតា ម៉ក់ ហឺន បន្ទាប់ពីទទួលបានព័ត៌មាន តាមរយៈការផ្សព្វផ្សាយនេះ មានខ្មែរជាច្រើន ដែលនឹកស្រុកកំណើត ហើយបារម្ភមានបញ្ហាមិនហ៊ានមកលេងស្រុកកំណើតនោះ ក៏បានប្រែចិត្ត ហើយមកលេងស្រុកជាបន្តបន្ទាប់។
ក្នុងដំណើរនៅកម្ពុជាជាលើកទី៣នេះ តា ម៉ក់ ហឺន បានអះអាងដែរថា នឹងយកព័ត៌មានពិតពីកម្ពុជា ទៅផ្សព្វផ្សាយជូនដល់សហគមន៍ខ្មែរនៅអាមេរិក កុំឱ្យមានការយល់ច្រឡំ ឬយល់ខុសតាមរយៈការផ្សព្វផ្សាយមិនពិតពីបុគ្គលមួយចំនួនដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ តា ម៉ក់ ហឺន ក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីអាមេរិក ឱ្យមកលេងស្រុក ប្រសិនបើចង់ដឹងស្ថានភាពពិតរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ៕