(ក្រចេះ)៖ លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកោះខ្ញែរ ស្ថិតនៅក្នុងស្រុកសំបូរ។

ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក វ៉ា ថន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជូនចំពោះប្រជាពលរដ្ឋក្នុងឃុំកោះខ្ញែរ និងប្រជាពលរដ្ឋក្នុងស្រុកសំបូរទាំងមូល។

លោកបានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ក្នុងឃុំកោះខ្ញែរ ដែលបានស្រឡាញ់គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបានបង្ហាញឲ្យឃើញពីការទុកចិត្តខ្ពស់ពីសំណាក់ប្រជាពលរដ្ឋមកលើការដឹកនាំ ប្រកបដោយភាពចាស់ទុំត្រឹមត្រូវ និងការពារសន្តិភាព និងបន្តការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដូចដែរយើងទាំងអស់គ្នា កំពុងជ្រកកោណក្រោមម្លប់នៃសន្តិភាព នាពេលសព្វថ្ងៃនេះ។

ជាមួយគ្នានេះ លោក វ៉ា ថន បានថ្លែងអំណរគុណប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកសំបូរ និងឃុំកោះខ្ញែរ ដែលបានសហការរួមគ្នា ជាមួយគណៈកម្មាធិការគណបក្សខេត្ត ស្រុក និងគណៈកម្មាធិការគណបក្សឃុំកោះខ្ញែរ ចូលរួមបរិច្ចាគនូវធនធាន និងថវិកាផ្ទាល់ខ្លួនសាងសង់អគារទីស្នាក់ការគណបក្សឃុំកោះខ្ញែរ សម្រាប់បម្រើឲ្យការងារគណបក្ស ប្រជាជនកម្ពុជា ជាពិសេសការបន្តដឹកនាំការងារនៅក្នុងមូលដ្ឋានឃុំកាន់មានប្រសិទ្ធភាពថែមទៀត។

អាគារទីស្នាក់ការគណបក្សនេះ បានសាងសង់ឡើងក្នុងទំហំ៨,០១២ ម៉ែត្រ បានសាងសង់ និងរៀបចំរួចរាល់ដោយចំណាយថវិកាសរុបចំនួន ៣៨,៥០០ដុល្លារ ក្នុងនោះថវិកាលោក វ៉ា ថន ប្រធានគណបក្សខេត្តចំនួន១០,០០០ដុល្លារ និងថវិការបស់លោក អ៊ូ សុបុណ្ណា អនុប្រធានក្រុមការងារជួយស្រុកសំបូរ និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំសំបូរ និងឃុំកោះខ្ញែរ និងសហការី ចំនួន២៨,៥០០ដុល្លារ។

លោកប្រធានគណៈកម្មាធិការបក្សខេត្ត បានលើកឡើងថា ការអភិវឌ្ឍនៅក្នុងស្រុកសំបូរ ជាពិសេសនៅឃុំកោះខ្ញែរ បានបង្ហាញឲ្យឃើញថា វិស័យនានាមានការរីកចម្រើនគួរ ជាទីមោទនៈទាំងនេះ បញ្ជាក់យ៉ាងច្បាស់ពីការដឹកនាំប្រកបដោយគតិបណ្ឌិតដែលមាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងពោរពេញដោយថាមពលរបស់សម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់ វិស័យបន្ថែមទៀត ព្រមជាមួយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ជាលំដាប់៕