(សៀមរាប)៖ សហគមន៍ទំនើបសរសី នៅស្រុកបន្ទាយស្រី បានប្តេជ្ញាថា នឹងព្យាយាមផ្គត់ផ្គង់បន្លែសុវត្ថិភាពនៅទីផ្សារក្នុងខេត្តសៀមរាប ឱ្យបានកាន់តែច្រើនក្នុងឆ្នាំ២០២៧ ខណៈដែលសហគមន៍កំពុងរៀបចំផ្ទះសំណាញ់សម្រាប់ដាំបន្លែ ឱ្យបាន១០០ផ្ទះ ក្នុងពេលឆាប់ៗ ខាងមុខនេះ។ ការសន្យារបស់សហគមន៍នេះ បានធ្វើឡើងនៅចំពោះមុខ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា អំឡុងចុះជួបសំណេះសំណាលជាមួយសហគមន៍នេះ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។
ប្រធានសហគមន៍ទំនើបសរសី លោក ម៉ៅ វរលក្ខណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សហគមន៍ទំនើបសរសី នឹងរួមគ្នាខំប្រឹងព្យាយាមដើម្បីគ្រប់គ្រងទីផ្សារនៅសៀមរាប ឱ្យបានចំនួនច្រើនអតិបរមាក្នុងឆ្នាំ២០២៧ គឺជាគម្រោងនៅក្នុងសហគមន៍ គឺយើងចង់នាំមុខគេនៅក្នុងការផ្គត់ផ្គង់បន្លែនៅក្នុងខេត្តសៀមរាប»។
លោកបានបន្តថា តម្រូវការទីផ្សារបន្លែសុវត្ថិភាពដែលដាំក្នុងប្រទេស នាពេលបច្ចុប្បន្នេះ មានភាពធំទូលាយ ដោយសារតែពលរដ្ឋយល់ថា បន្លែនាំចូលពីបរទេសមួយចំនួន គឺអាចនឹងមានផ្ទុកសារធាតុគីមីដើម្បីរក្សាគុណភាពបានយូរ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ដូច្នេះសហគមន៍ចង់ដាំបន្លែសុវត្ថិភាព កាត់បន្ថយជាតិគីមី ដើម្បីឲ្យប្រជាពលរដ្ឋគាត់បរិភោគប្រកបដោយសុវត្ថិភាព។
សហគមន៍ទំនើបសរសី ជាការបណ្តាក់ទុនរួមគ្នារបស់ប្រជាកសិករ ដែលពួកគេមានដីសម្រាប់ធ្វើកសិកម្ម ហើយបញ្ចូលគ្នាជាសហគមន៍។ ដីដាក់ចូលសហគមន៍៥០០ម៉ែត្រការ៉េស្មើនឹង១ភាគហ៊ុន ដែលស្មើនឹង៥ម៉ឺនរៀល។ កន្លងទៅសហគមន៍ធ្លាប់ស្ពៃក្រញាញ់ ស្បៃតឿ ដាំស្មៅសម្រាប់ចិញ្ចឹមគោ ដាំដំណាំយកប្រេង ផ្កាឈូករ័ត្ន ពោតបារាំង ដូង ត្របែកជាដើម។
លោកបានបន្ដទៀតថា៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ដែលលោករដ្ឋមន្ត្រីគាត់បានអញ្ជើញមកដល់សហគមន៍ផ្ទាល់ និងបង្ហាញជំហរគាំទ្រទៅលើសហគមន៍ទំនើបដោយផ្ដល់ជាទុន ហើយក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ដើម្បីឲ្យយើងរៀបចំផ្ទះសំណាញ់បាន១០០ខ្នងដំបូងជាមុនសិន ហើយលោករដ្ឋមន្ត្រីក៏បានឲ្យយើងរៀនដើរដំបូង ដោយមិនចង់ឲ្យយើងដើរទៅហើយជួបបញ្ហាកុំឱ្យខាតបង់ធំ»។
នៅក្នុងពិធីសំណេះសំណាល លោករដ្ឋមន្ត្រី ឌិត ទីណា បានណែនាំដល់សហគមន៍កសិកម្មនេះ ដែលទើបបានបង្កើតថ្មីនេះចាប់ផ្តើមសាកល្បងធ្វើផ្ទះសំណាញ់ដែលនៅក្បែរទឹក និងងាយចុះប្រមូលទិញ ដោយចាប់ផ្ដើមពីមួយហិចតាសិន។ លោកបានបន្តថា ដោយសារបញ្ហាខ្វះទឹក និងមិនទាន់អាចវាយតម្លៃអំពីប្រភេទដំណាំដែលមានសក្តានុពលនៅលើដីនេះ ដែលត្រូវទាមទារធ្វើទៅ តាមទម្រង់ណាដែលអាចធ្វើទៅរួច និងមិនប្រថុយប្រថានហើយអាចគ្រប់គ្រងបាន។
ទន្ទឹមនឹងនេះដែរ លោកក៏បានណែនាំបន្ថែម ដល់សហគមន៍ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើប ទៅតាមស្ថានភាពពិតរបស់សហគមន៍។លើសពីនេះទៀត លោកបានសង្កត់ធ្ងន់ថា សហគមន៍ត្រូវយកចិត្តទុកដាក់ពិនិត្យបន្ថែមលើការចូលរួមរបស់សហគមន៍ កម្លាំងសមាជិក និងការគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់សមាជិក ស្របតាមគោលដៅនៃកម្មវិធីគោលនយោបាយ៕