Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពេជ្រ ស្រស់ អះអាងថា ១៤ថ្ងៃ ហើយដែលស្ថានទូតវៀតណាម មិនទាន់ឆ្លើយតបនឹង ញត្តិរបស់លោក

12-09-2016 17:36

(ភ្នំពេញ)៖ គិតរហូតដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ មានរយៈពេល ១៤ថ្ងៃហើយ ដែលស្ថានទូតវៀតណាម មិនទាន់ឆ្លើយតប ចំពោះញត្តិរបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

លោក ពេជ្រ ស្រស់ បានដាក់ញត្តិនេះ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ដើម្បីទាមទាឲ្យរដ្ឋាភិបាលវៀតណាម ប្រកាសជំហររបស់ខ្លួន ដោយបញ្ឈប់សកម្មភាពឈ្លានពានដល់ទឹកដីកម្ពុជា។ លោកព្រមានថា ក្នុងរយៈពេលមួយខែ បើនៅតែគ្មានការឆ្លើយតប លោកនឹងកៀងគរ កម្លាំងអ្នកស្នេហាជាតិ ធ្វើបាតុកម្ម ប្រឆាំងនឹងស្ថានទូតវៀតណាមតែម្តង។

លោក ពេជ្រ ស្រស់ បានសរសេរនៅក្នុងបណ្ដាញសង្គម Facebook នៅថ្ងៃទី១២ សីហានេះថា «ខ្ញុំសូមប្រកាសជំហរសារជាថ្មី ក្រោយរយៈពេល៣០ថ្ងៃ បើមិនមានការឆ្លើយតប ណាមួយ ពីរដ្ឋាភិបាលវៀតណាម ជុំវិញលិខិតរបស់ គណបក្សយុវជនកម្ពុជា ដែលបានផ្ញើរទៅនោះទេ ខ្ញុំនឹងដឹកនាំប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសធ្វើមហាបាតុកម្ម ប្រឆាំងការឈ្លានពានទឹកដីកម្ពុជា ពីភាគីវៀតណាមនៅ មុខស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងបាតុកម្មនៅមុខទីភ្នាក់ងារ អង្គការសហប្រជាជាតិ ប្រចាំកម្ពុជាផងដែរ ដើម្បីជំរុញឱ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់សកម្មភាព ឈ្លានពានទឹកដីកម្ពុជា»

សូមជម្រាបថា ក្នុងញត្តិនោះ មានការទាមទារ៣ចំណុច រួមមាន៖ ទី១. រដ្ឋាភិបាលវៀតណាម ត្រូវចេញសេចក្តីថ្លែងការណ៍មួយជាសាធារណៈ  ដើម្បីបញ្ជាក់គោលជំហរខ្លួន ឱ្យច្បាស់លាស់ក្នុងការបញ្ឈប់ សកម្មភាពរំលោភបូរណភាពទឹកដីកម្ពុជា។ ទី២. រដ្ឋាភិបាលវៀតណាម ត្រូវតែរុះរើគ្រប់សំណង់ទាំងឡាយណា ដែលបានសាងសង់នៅតំបន់ ហាមឃាត់តាមព្រំដែនកម្ពុជា - វៀតណាម គ្រប់កន្លែង និងលុបស្រះដោយគ្មានលក្ខខណ្ឌ និងទី៣. រដ្ឋាភិបាលប្រទេសវៀតណាម ត្រូវបញ្ឈប់បន្ទាន់ចំពោះសកម្មភាពប្រើហិង្សា លើប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តោយ ព្រំដែនកម្ពុជា-វៀតណាម៕