(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានស្នើប្រធានមន្ទីរកសិកម្មរាជធានី-ខេត្តទាំងអស់ ចាត់វិធានការទប់ស្កាត់ការប្រមូលទិញកសិផលរបស់ប្រជាកសិករខ្មែរ ដោយការបន្ទាបតម្លៃពីសំណាក់ឈ្មួញ និង ក្រុមហ៊ុនធ្វើអាជីវកម្ម។ សំណើរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានជាច្រើនលើកឡើងថា តម្លៃកសិផលប្រជាកសិករខ្មែរ កំពុងមានការធ្លាក់ថ្លៃខ្លាំង។
ក្នុងលិខិតផ្ញើទៅកាន់ប្រធានមន្ទីរកសិកម្មតាមរាជធានី-ខេត្ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក វេង សាខុន បានដាក់ចេញនូវវិធានការចំនួន៣ចំណុច សម្រាប់ទប់ស្កាត់ការបន្ទាបតម្លៃនេះ។ វិធានការទាំង៣ចំណុចនោះរួមមាន៖
១. ទប់ស្កាត់ការប្រមូលទិញផ្លាច់មុខ ពីសំណាក់ឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចាថ្លៃឲ្យបានសមស្រប តាមស្ថានភាពថ្លៃជាក់ស្តែង និងលើកជាវិធានការ ជូនបាលរាជធានី ខេត្ត ដើម្បីចូលរួមដោះស្រាយ។
២. ពង្រឹងសមត្ថភាពសហគមន៍ កសិកម្មមូលដ្ឋានលើការប្រមូលទិញកសិផល ពិសេសសន្និធិស្រូវ ដើម្បីចរចាថ្លៃជាមួយវិស័យឯកជន។
៣. ធ្វើការចរចាជាមួយសមាគម ម៉ាស៊ីនកិនស្រូវប្រចាំខេត្ត ដើម្បីប្រមូលទិញស្រូវពី ប្រជាកសិករឲ្យអស់ លទ្ធភាពក្នុងតម្លៃសមស្រប។