Update៖ បំផ្ទុះគ្រាប់បែកក្បែរ ទីស្នាក់ការគណបក្សកាន់អំណាចតួកគី បង្កឲ្យមនុស្ស ២៧នាក់របួស
12-09-2016 17:05
(អង់ការ៉ា)៖ ការបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយបានកើតឡើងនៅខេត្ត Van ភាគខាងកើត ប្រទេសតួកគី បានបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ និង ស្រាលកើនឡើងដល់ ២៧នាក់ ខណៈរដ្ឋបាលក្នុងតំបន់ បានចោទថាជាទង្វើ របស់គណបក្សពលករឃើដ (PKK)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានតួកគី Daily Sabah នៅល្ងាចថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា ការផ្ទុះបានបណ្តាលឲ្យអគារព័ទ្ធនៅជុំវិញ ទីលាន Besyol ដែលជាប់នឹងទីស្នាក់ការរបស់ គណបក្សកាន់អំណាច ដែលដឹកនាំដោយ ប្រធានាធិបតី លោក Recep Tayyip Erdogan ភាគកណ្តាលខេត្ត Van បានទទួលរងការខូចខាតយ៉ាងដំណំ ដែលស្ថិតនៅភាគខាងកើតតួកគី។
គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកបានស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីតួកគីបានចេញប្រតិបត្តិការ កម្ចាត់ក្រុម ISIS នៅភាគខាងជើងស៊ីរី ហើយដែលតាមការពិតនោះ ប្រទេសមួយចំនួនបាន ចោទរដ្ឋាភិបាលតួកគីថា បានធ្វើប្រតិបត្តិការយោធា ដើម្បីកម្ចាត់កងកម្លាំងរបស់គណបក្សពលករ ឃើដ (PKK) ដែលជាសត្រូវរាប់ទសវត្សរ៍របស់ខ្លួនទៅវិញទេ៕