(កូរ៉េ)៖ ដូចការគ្រោងទុក លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង រួមជាមួយទីប្រឹក្សាការងារ ទទួលបន្ទុកពលករអមស្ថានទូត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានជួបពិភាក្សា និងហូបបាយជាមួយពលករខ្មែរម្នាក់ឈ្មោះ ទុំ ចាន់ថន អាយុ២៤ឆ្នាំ មកពីខេត្តតាកែវ ដែលទើបមកធ្វើការ នៅសាធារណរដ្ឋកូរ៉េ រយៈពេល២ខែ ផ្នែកឧស្សាហកម្ម ក្នុងតំបន់ Anseong ខេត្ត Gyeonggi។ ការជួបពិភាក្សានេះបានធ្វើឡើង ក្រោយពេលដែលមេការរោងចក្រ ប្រើអំពើហិង្សាមកលើរូបគាត់ ក្នុងអំឡុងពេលបំពេញការងារ និងពេលសម្រាក។
ក្រុមការងារស្ថានទូតបានជួបពិភាក្សា និងស្ដាប់នូវដំណើររឿងលម្អិត របស់ប្អូន ទុំ ចាន់ថន ដើម្បីប្រមូលភស្ដុតាង យកជាមូលដ្ឋានក្នុងការស្វែងរកយុត្តិធម៌ ជូនគាត់តាមនីតិវិធីច្បាប់។ បច្ចុប្បន្នស្ថានទូតបានទាក់ទង អន្ដរាគមន៍ទៅថៅកែរោងចក្ររួចហើយ នឹងកំពុងរៀបចំបន្ដចំណាត់ការតាមនីតិវិធីច្បាប់របស់សាធារណរដ្ឋកូរ៉េ។ ករណីនេះដែរក៏បាន ផ្សព្វផ្សាយតៗគ្នា នៅលើបណ្ដាញផ្សព្វផ្សាយព័ត៌មានសង្គម ហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ទី១០ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ហើយបានចែកចាយតៗគ្នាជាច្រើន។
គួរបញ្ជាក់ថា កាលពីរសៀល ថ្ងៃសៅរ៍ទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមការងារស្ថានទូត ដឹកនាំដោយលោក ឡុង ឌីម៉ង់ សហការជាមួយនឹងមជ្ឈមណ្ឌលគាំពារស្រ្តីតំបន់សាសាន បានអញ្ជើញចុះ ជួបសំណេះសំណាលជាមួយ នឹងក្រុមបណ្ដាញស្ត្រីរៀបការស្វាមីកូរ៉េ ជាង២០នាក់ ក្នុងតំបន់សាសាន ដើម្បីសិក្សាស្វែង យល់ពីសុខទុក្ខ ស្ដាប់នូវសំណូមពរ និងប្រឹក្សាយោបល់ជូនពួកគាត់ ក្នុងគោលបំណង ខ្មែរតែមួយសុខទុក្ខតែមួយ។
ជារឿងដ៏រីករាយ និងគួរឲ្យកោតសរសើរ ដែលបងប្អូនស្រ្តី បានបើកចិត្តទូលាយប្រាប់ពីការពិតនូវដំណើរជីវិតទាំងលំបាក និងស្រណុក ចែករំលែកបទពិសោធន៍ជូនដល់ក្រុមស្រ្តីរៀបការថ្មី ក៏ដូចជាក្រុមការងារដើម្បី ក្រុមកកាងារ អាចប្រមូលនូវបញ្ហាទាំងអស់នេះ យកមកសិក្សាជាមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយរួមជូនដល់ស្រ្តីរៀបការខ្មែរដ៏ទៃទៀត ដែលកំពុងរស់នៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ៕