(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាថ្មីថា ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ ឆ្នាំ២០២៤នេះ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅលើទឹកដីកម្ពុជា មិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។ កម្ពុជា ស្វាគមន៍ជានិច្ចចំពោះប្រទេសជាមិត្តដែលមានបំណងធ្វើលំហាត់សមយុទ្ធ ប៉ុន្តែ ត្រូវគោរពសិទ្ធិរបស់កម្ពុជា។

លំហាត់សមយុទ្ធនាគមាស លើកទី៦ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌» ដែលមានរយៈពេល១៤ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីកងទ័ពជើងគោក និងកងទ័ពជើងទឹកកម្ពុជា ក្នុងនោះសម្រាប់កងទ័ពជើងគោក នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសមយុទ្ធនៅលើសមុទ្រ គឺធ្វើឡើងនៅឯខេត្តព្រះសីហនុ។

ថ្លែងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ធ្វើឡើងតាមកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ប្រចាំឆ្នាំដូចដែលបានធ្វើឡើង៥លើករួចមកហើយ ដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ដូច្នេះ ការធ្វើសមយុទ្ធនេះ មិនមានគោលបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់បណ្តាប្រទេសណាមួយនោះឡើយ»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ក្រៅពីការរៀបចំធ្វើសមយុទ្ធនាគមាស ជាមួយកងទ័ពរំដោះប្រជាជនចិន កងទ័ពកម្ពុជា នឹងរៀបចំធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពឡាវ និងវៀតណាម លើប្រធានបទសង្គ្រោះគ្រោះមហន្តរាយផងដែរ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានសង្កត់ធ្ងន់ៗថា៖ «ចំពោះការចោទប្រកាន់ថាកម្ពុជាលំអៀងធ្វើសមយុទ្ធជាមួយប្រទេសចិន មិនធ្វើសមយុទ្ធជាមួយប្រទេសផ្សេងៗ ខ្ញុំយល់ថានេះគឺជាសិទ្ធិរបស់អ្នកនិយាយ ប៉ុន្តែសម្រាប់កម្ពុជា គឺធ្វើអ្វីៗទៅតាមតម្រូវការរបស់កម្ពុជា ធ្វើអ្វីៗទៅតាមគោលនយោបាយរាជរដ្ឋាភិកម្ពុជា ទៅតាមច្បាប់អន្តរជាតិ។ កម្ពុជា មិនបដិសេធចំពោះសំណើណាមួយដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជានោះទេ គឺកម្ពុជា សូមស្វាគមន៍រាល់បណ្តាប្រទេសទាំងអស់ ប៉ុន្តែ រាល់ការសុំធ្វើសមយុទ្ធត្រូវដាក់ពាក្យស្នើសុំមកកម្ពុជាជាមុន»។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោបានលើកឡើងថា សម្រាប់ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ រវាងកងទ័ពទាំងពីរនេះ គឺមានទំហំជាងលើកមុនៗ ដោយសារតែមានចំនួនកងទ័ពចូលរួមច្រើន រួមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹកបន្ថែមទៀត ក្នុងនោះភាគីទាំងពីរ នឹងប្រើប្រាស់នាវាចម្បាំងរហូត១៤គ្រឿងជាដើម។ ខណៈខ្លឹមសារនៃការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការធ្វើភេរវកម្ម និងការងារមនុស្សធម៌ ក្រៅពីនោះគឺផ្ដោតសំខាន់ទៅលើយុទ្ធវិធី ការទប់ទល់ដោយដ្រូន (Drone) ផងដែរ។ សមយុទ្ធនេះក៏មានការអញ្ជើញចូលរួមពីបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន ដើម្បីសង្កេតមើលពីលក្ខណៈនៃការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរផងដែរ៕