(កំពង់ធំ)៖ ឈើប្រភេទលេខ២ ចំនួន៤៧ម៉ែត្រគូប និងម៉ាស៊ីនត្រង់តឺន័រ ចំនួន២០គ្រឿង ដែលត្រូវបានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបាន នៅតំបន់ព្រៃឡង់ ស្រុកសណ្តាន់នោះ ត្រូវបានដឹកបញ្ជូនមករក្សាទុកនៅមន្ទីរបរិស្ថាន ខេត្តកំពង់ធំហើយ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ។
មន្រ្តីមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីក្រសួងបរិស្ថានបានប្រគល់ការងារអភិរក្ស និងទប់ស្កាត់ការកាប់រុករានបំផ្លាញព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់ និងដាក់បទបញ្ជាលោក អ៊ុត សំអន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាព ខេត្តកំពង់ធំ ឲ្យទប់ស្កាត់ បទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រគ្រប់គ្រងដោយមន្ទីរបរិស្ថាន កម្លាំងអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ គឺមាន៤ចំណុច ក្នុងនោះមានច្រកតោ ចំណុចអូងាវ ចំណុចព្រះអាទិត្យ និងចំណុច ស្រែព្រីង ហើយលទ្ធផលបង្ក្រាបបាន មានឈើតាប់ ឈើក្តារសរុបចំនួយ៤៧ម៉ែត្រគូប និងម៉ាស៊ីនត្រង់តឺន័រចំនួន២០គ្រឿង នៅថ្ងៃនេះត្រូវ បានដឹកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តកំពង់ធំរង់ចាំចាត់ការបន្តទៀត។
អាជ្ញាធរស្រុកសណ្តាន់បានឲ្យដឹងថា បទល្មើសកាប់និងដឹកជញ្ជូន ឈើតំបន់ព្រៃការពារធ្លាក់ចុះ ពិតមែន គឺដោយសារអាជ្ញាធរនិងមន្ត្រី ជំនាញខិតខំការពារដើម្បី ឱ្យស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដោយមានកម្លាំងចុះទប់ស្កាត់ពីសំណាក់ គណៈមេបញ្ជាការ ឯកភាពស្រុក។ ប៉ុន្តែក៏មានច្រកខ្លះដែលមន្រ្តីចុះមិនដល់ ច្រករបៀងខ្លះមួយចំនួនដែលជាច្រកគេចពីសមត្ថកិច្ច។ តែយ៉ាងណាអាជ្ញាធរស្រុក នឹងសហការជាមួយមន្ត្រីជំនាញដើម្បីចុះល្បាតតំបន់ព្រៃឡង់ បន្ថែមទៀត ពិសេសនៅតាមច្រកតូចៗ ធ្វើយ៉ាងណាទប់ស្កាត់មិនឱ្យមាន បទល្មើសខុសច្បាប់កើតមាននៅតំបន់ព្រៃការពារ។
សូមរំលឹកថា កាលពីថ្ងៃទី៩ ឧសភា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចដាក់តំបន់ព្រៃឡង់ ដែលគ្របដណ្ដប់លើខេត្តចំនួន៤រួមមាន ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ជាតំបន់ដែនជម្រកសត្វព្រៃលើទំហំផ្ទៃដីជាង៤៣ម៉ឺនហិកតារ (៤៣១.៦៨៣)។ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងដែនជម្រកសត្វព្រៃព្រៃឡង់ ដោយសហការជាមួយក្រសួង ឬស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាល ដែនដីខេត្តទាំងបួន ដើម្បីធានាកិច្ចការពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕