(ភ្នំពេញ)៖ កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង ២ពាន់នាក់ អមដោយនាវាចម្បាំងចំនួន១៤គ្រឿង និងសម្ភារៈយោធាជាច្រើនទៀត នឹងចូលរួម និងប្រើប្រាស់សម្រាប់លំហាត់សមយុទ្ធ «នាគមាស» ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងប្រទេសកម្ពុជា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

នេះជាសមយុទ្ធទ្រង់ទ្រាយធំ លើកទី៦ហើយ រវាងកងទ័ពកម្ពុជា-ចិន ដែលធ្វើឡើងលើទឹកដីកម្ពុជា ចាប់តាំងពីសមយុទ្ធនេះ បង្កើតឡើងលើកដំបូង កាលពីឆ្នាំ២០១៦​ ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ។

ថ្លែងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សម្រាប់លំហាត់សមយុទ្ធនាគមាស លើកទី៦ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌» ដោយមានការចូលរួមពីកងទ័ពជើងគោក និងកងទ័ពជើងទឹកកម្ពុជា ក្នុងនោះសម្រាប់កងទ័ពជើងគោក នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសមយុទ្ធនៅលើសមុទ្រ គឺធ្វើឡើងនៅឯខេត្តព្រះសីហនុ។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះកម្លាំងចូលរួមសមយុទ្ធនេះ គឺមានចំនួនសរុបទាំងអស់គឺ ២,០៧៥នាក់ ក្នុងនោះមានកងយោធពលខេមរភូមិន្ទចំនួន ១,៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់។ ដោយឡែកគ្រឿងបំពាក់សម្រាប់ការចូលរួមធ្វើសមយោគលើគោករួមមាន៖ រថក្រោះដែក រថយន្តគ្រប់ប្រភេទចំនួន៧៩គ្រឿង រួមទាំងបរិក្ខារស៊ើបការ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារធាតុគីមី ជាច្រើនឈុតទៀត ហើយសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប ១៤គ្រឿង និងឧទ្ធម្ភាគចក្រចំនួន០២គ្រឿង»

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្តថា ខ្លឹមសារនៃការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការធ្វើភេរវកម្ម និងការងារមនុស្សធម៌ ក្រៅពីនោះគឺផ្ដោតសំខាន់ទៅលើយុទ្ធវិធី ការទប់ទល់ដោយដ្រូន (Drone) ផងដែរ។ សមយុទ្ធនេះក៏មានការអញ្ជើញចូលរួមពីបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន ដើម្បីសង្កេតមើលពីលក្ខណៈនៃការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរផងដែរ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានសង្កត់ធ្ងន់ថា ការធ្វើសមយុទ្ធនេះនៅក្នុងគោលបំណងយោងតាមកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិនប្រចាំឆ្នាំ ដូចដែលធ្លាប់បានធ្វើ៥ លើករួចមកហើយ គឺផ្តោតសំខាន់ទៅលើប្រធានបទការប្រឆាំងអំពើភេរវកម្ម និងកិច្ចការមនុស្សធម៌ ដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាពង្រឹងសន្តិសុខទប់ស្កាត់អំពើភារវកម្មនៅក្នុងស្រុកនីមួយៗ និងនៅក្នុងតំបន់ផងដែរ ហើយការធ្វើសមយុទ្ធនេះមិនមានបំណងគំរាមកំហែងធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមានបានចំនួន៦ លើករួចមកហើយ។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងនៅឆ្នាំ២០២១-២០២២ ដែលប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩។

កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៦ឆ្នាំមកហើយ។ ភាគីទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់ រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ៕