(ភ្នំពេញ)៖ ជំងឺ Zika បាននិងកំពុងរីករាលដាលកាន់តែខ្លាំងក្នុងប្រទេសសិង្ហបុរី និងទីក្រុងបាងកក ប្រទេសថៃ ជាហេតុបង្កឲ្យមានការ ព្រួយបារម្ភខ្លាំងដល់បណ្តាប្រទេស ជាសមាជិកអាស៊ានដទៃទៀត ដែលតែងមានប្រជាពលរដ្ឋធ្វើដំណើរចេញចូលទៅសិង្ហបុរី និង ប្រថៃនោះ។ ទាំងប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត បាននិងកំពុងបង្កើនការទប់ស្កាត់ខ្ពស់ រហូតប្រទេសខ្លះបានហាមប្រជាពលរដ្ឋ ឲ្យផ្អាកការធ្វើដំណើរទៅកាន់ប្រទេស កំពុងរងការវាយប្រហារដោយ Zika នេះជាបណ្តោះអាសន្នថែមទៀតផង។ (សូមស្តាប់សេចក្តីរាយការណ៍ តាមរយៈ Fresh News TV)
យោងតាមការចេញផ្សាយរបស់ព័ត៌មាន Chhanel News Asia របស់ប្រទេសិង្ហបុរី បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៦នេះ ជំងឺ Zika នៅក្នុងប្រទេសសិង្ហបុរី បានកើតមានចំនួន ៣២៩ករណីហើយ។ បើទោះបីជាយ៉ាងណា ប្រជាពលរដ្ឋសិង្ហបុរី ដែលទទួលរងការវាយប្រហារដោយជំងឺ Zika ត្រូវបានទទួលការព្យាបាល និងថែទាំជំងឺយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ហើយមិនទាន់មានពលរដ្ឋសិង្ហបុរីណាម្នាក់ឈានដល់រងគ្រោះថ្នាក់ ដល់អាយុជីវិតដោយសារ Zika នៅឡើយទេ។
សិង្ហបុរី ក៏បាននិងកំពុងធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយជំងឺ Zika ខ្លាំងផងដែរ។ ជម្រកសត្វមូសសរុបចំនួន២០២ ត្រូវបានរកឃើញ និងបំផ្លាញចោលនៅតំបន់ប្រមូលផ្តុំ ក្នុងនោះ ១២១ជម្រក នៅក្នុងផ្ទះ និង ៨១ជម្រក នៅតំបន់ធម្មតា ឬបរិវេណផ្សេងៗទៀត។
ដោយឡែកនៅប្រទេសថៃវិញ ជំងឺ Zika បានកើតមានចំនួន ៥១ករណីហើយគិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ។ នេះបើយោង តាមការចេញផ្សាយរបស់ព័ត៌មានថៃ។
ជំងឺ Zika ក្នុងប្រទេសថៃនេះ ត្រូវបានអាជ្ញាធរសង្ស័យថាឆ្លងមកពីប្រទេសសិង្ហបុរី តាមរយៈបុរសជនជាតិថៃម្នាក់។ បុរសជនជាតិថៃរូបនេះ បានចម្លងទៅភរិយារបស់ខ្លួន ដែលទើបនិងសម្រាលកូន។ បច្ចុប្បន្នអាជ្ញាធរក្រុងបាងកក កំពុងធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្លួន ជាពិសេសអ្នកដែលរស់នៅសង្កាត់ Sathon ទីកន្លែងកំពុងរងការវាយប្រហារដោយ Zika ត្រូវប្រុងប្រយ័ត្នចំពោះសត្វមូសខាំ ខណៈដែលភ្នាក់ងារពេទ្យដាក់ផែនការតាមដាននៅតំបន់ Sathon រយៈពេល ៣០ថ្ងៃទៀត។
ក្រៅពីសិង្ហបុរី និងថៃ ដែលកំពុងរងការវាយប្រហារដោយ Zika នោះ នៅក្នុងប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុននេះ ក៏មានការបញ្ជាក់ ថា មានកើតករណី Zika លើស្រ្តីមានផ្ទៃពោះម្នាក់ផងដែរ តែមិនទាន់មានរបាយការណ៍ពីការរីករាលបន្ថែមទៀតនៅឡើយនោះទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Subramaniam បានអំពាវនាវឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ត្រូវស្នាក់នៅកន្លែងមានសុវត្ថិភាពចៀសឆ្ងាយពីសត្វមូស។ ចំពោះវីរុស Zika នេះ ដំបូងបានឆ្លងពីប្រជាជនម៉ាឡេស៊ី ដែលធ្វើដំណើរមកពីប្រទេសសិង្ហបុរី ហើយម៉ាឡេស៊ីពេលនេះ ក៏មានករណីឆ្លងជាច្រើនផងដែរ ប៉ុន្តែការឆ្លងទៅស្ត្រីមានផ្ទៃពោះបែបនេះ ទើបតែកើតមានជាលើកដំបូងប៉ុណ្ណោះ។
ជំងឺ Zika ដែលកំពុងវាយប្រហារនៅក្នុងប្រទេសសិង្ហបុរី និងថៃនេះ កំពុងបង្កការព្រួយបារម្ភខ្លាំងទៅដល់បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត រួមមានទាំងប្រទេសកម្ពុជាផងដែរ។ ទាំងប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត បានចាត់វិធានការតាម រយៈដាក់ម៉ាស៊ីនស្កេនស្វែងរកវីរុស Zika នៅតាមព្រលានយន្តហោះ និងបានដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរទៅកាន់ប្រទេសកំពុងរងការវាយប្រហារដោយ Zika នេះ។
បើទោះបីជាយ៉ាងណារហូតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្ពុជាមិនទាន់កើតមានករណី Zika នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍វិធានការការពារជំងឺនេះឲ្យបានម៉ឹងម៉ាត់។ វិធានការការពារជំងឺនេះ គឺអនុវត្តប្រហាក់ប្រហែលទៅនឹងជំងឺគ្រុនឈាមផងដែរ។
សូមបញ្ជាក់ថា ជំងឺ Zika ជាប្រភេទជំងឺឆ្លង ដែលបង្កដោយពពួកវីរុស Zika ហើយភ្នាក់ងារចម្លងជាប្រភេទសត្វមូសខ្លា ដែលដូចគ្នាទៅនឹងជំងឺគ្រុនឈាមផងដែរ។
ភាគច្រើននៃអ្នកកើតជំងឺនេះ ប្រហែល ៧០ ទៅ៨០ភាគរយ ពុំមានស្តែងចេញជារោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែរោគសញ្ញាដែលអាចកើតមានដូចជា៖ ក្តៅខ្លួន រោគសញ្ញាលើស្បែក (ដូចជាស្នាមក្រហមអុចលើស្បែក) ឈឺសាច់ដុំ និង សន្លាក់ដៃជើង ភ្នែកឡើងក្រហម (រលាក Conjonctive ភ្នែក)។
សម្រាប់កម្ពុជា អ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ គួរអញ្ជើញធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ ហើយការធ្វើរោគវិនិច្ឆ័យនោះ ត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគប្រភេទ Zika នេះនៅក្នុងឈាមអ្នកជំងឺ នៅមន្ទីរពិសោធន៍ជាតិ នៃវិទ្យាស្ថានសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ចំពោះការវិវត្តន៍ នៃជំងឺនេះវិញ អត្រាមរណៈមានចំនួនទាបនៅឡើយ។ ភាគច្រើននៃជំងឺនេះ នឹងវិវត្តន៍ទៅរកភាពជាសះស្បើយពី ២ថ្ងៃ ទៅ ៧ថ្ងៃ តែវាអាចបង្កផលលំបាក បន្ទាប់ពីមានការឆ្លងដូចជាជំងឺទន់ដៃជើង ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទ។ ចំពោះស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងទារកស្លាប់ក្នុងផ្ទៃ ឬទារកកើតមកបាន តែសភាពក្បាលមិនប្រក្រតី ដែលភាគច្រើនកើតឡើងលើស្ត្រីមានផ្ទៃពោះ ក្នុងកំឡុងត្រីមាសទី១ និងទី២នៃគត៌។
ចំពោះការការព្យាបាលវិញ មកដល់ពេលបច្ចុប្បន្ននេះ មិនទាន់មានថ្នាំព្យាបាល ក៏ដូចជាវ៉ាក់សាំងប្រឆាំងនឹងជំងឺ Zika នេះនៅឡើយទេ។ ការព្យាបាល គឺធ្វើឡើងដើម្បីកាត់បន្ថយរោគសញ្ញាគ្លីនីក របស់អ្នកជំងឺ។ យ៉ាងណាក៏ដោយថ្នាំប្រភេទ Aspirine មិនត្រូវបានណែនាំ ឲ្យប្រើប្រាស់ឡើយក្នុងករណី ដែលមិនទាន់កំណត់រោគវិនិច្ឆ័យច្បាស់លាស់។
បើទោះបីជាយ៉ាងណា គេក៏អាចបង្កាការឆ្លងជំងឺនេះផងដែរ តាមរយៈលុបបំបាត់ជម្រកមូស, ការពារពីមូសខាំ (ពេលព្រឹក និងពេលព្រលប់ ដោយត្រូវដេកក្នុងមុង (ទាំងថ្ងៃ ទាំងយប់), ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង, ចៀសវាងពីទីងងឹត, ប្រើផលិតផលការពារមូស (លាបលើស្បែក)។ ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងត្រីមាសទី១ និងទី២៕