(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ ស្រុកកំពង់ត្រឡាច ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកកំពង់ត្រឡាច។

កម្មវិធីនេះ ត្រូវបានធ្វើឡើង នាថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ ដោយមានវត្តមានអញ្ជើញចូលរួមពី លោក លោកស្រីថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកកំពង់ត្រឡាច ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សឃុំទាំង១០ សរុបជាច្រើនរូប។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតក៏បានមានមតិផ្តាផ្ញើដល់ ក្រុមការងារគណៈកម្មាធិការគណបក្សស្រុក ឃុំជួយពិនិត្យមើលស្លាកគណបក្សដែលមានរូបភាពចាស់ៗត្រូវផ្លាស់ប្តូរ ដាក់ស្លាកគណបក្សថ្មីតាមការណែនាំរបស់គណៈកម្មាធិការកណ្តាលគណបក្ស ដែលមានរូបសម្តេចទាំងបី។ គណៈកម្មាធិការគណបក្សឃុំ ត្រូវមានអ្នកប្រចាំការនៅស្នាក់ការគណបក្សក្នុងការដោះស្រាយជូនប្រជាពលរដ្ឋទាក់ទងនឹងការងារគណបក្ស និងផ្តោតលើការប្រជុំឱ្យបានទៀងទាត់ និងជាពិសេសផ្តោតសំខាន់លើបញ្ហាអនាម័យនៅក្នុងមូលដ្ឋានឱ្យមានបរិស្ថានស្អាត កុំឱ្យមានសំរាមផ្លាស្ទីកនៅតាមដងផ្លូវ និងទីសាធារណៈនានា ហើយត្រូវយកចិត្តទុកដាក់គិតដល់សុខភាពរបស់ក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតឱ្យបានជាប់លាប់ ដើម្បីឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានាពេលខាងមុខ។

ជាមួយគ្នានោះដែរ លោកបណ្ឌិតបានផ្ញើបន្ថែមដល់គណៈសាខាគណបក្សភូមិ-ឃុំ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត សូមរាយការណ៍ជូនទៅប្រធានក្រុមការងារចុះតាមឃុំឱ្យបានដឹង ដើម្បីក្រុមការងាររៀបចំចុះសួរសុខទុក្ខនិងពាំនាំយកអំណោយជូនដល់ផ្ទះដោយផ្ទាល់ដៃ។

លោកបណ្ឌិត បានថ្លែងបន្តអំពីទិសដៅការងារក្នុងឆ្នាំ២០២៤នេះត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ចុះក្នុងបញ្ជីឱ្យបានច្បាស់លាស់ និងត្រូវរៀបចំធ្វើអត្តសញ្ញាណប័ណ្ណ ធ្វើប័ណ្ណសមាជិកចូលបក្ស ត្រៀមបញ្ចូលក្នុងបញ្ជី គ.ជ.ប ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបោះឆ្នោតនាអាណត្តិបន្តបន្ទាប់ទៀត។

ជាកិច្ចបញ្ចប់ ក៏មានពិធីប្រគល់សេចក្តីសម្រេចជូនដល់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្នុងឃុំទាំង១០ នៃស្រុកកំពង់ត្រឡាច រួមជាមួយសៀវភៅស្តីពី ស្រុកកំពង់ត្រឡាច នីតិកាលទី៧ ២០២៣-២០២៨ ដែលជាសៀវភៅចងក្រងអំពីទិន្នន័យគណបក្សស្រុកកំពង់ត្រឡាចទាំងមូល ទីតាំងមណ្ឌលរដ្ឋបាល និងពត៌មានផ្សេងៗជាច្រើនទៀត៕