(កោះកុង)៖ លោកអនុសេនីយ៍ឯក ដូង ភារ៉ូត ត្រូវបានប្រកាសផ្លាស់ប្តូរមុខតំណែង និងប្រគល់ភារកិច្ចថ្មីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ខេត្តកោះកុង ជំនួសលោកវរសេនីយ៍ត្រី សួស មិថុនា ដែលត្រូវបានផ្លាស់ប្ដូរទៅជាមេបញ្ជាការរងអាវុធហត្ថក្រុងបាត់ដំបង។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការចូលរួមពីលោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា រួមទាំងមន្ត្រីរាជការ និងមន្ត្រីកងរាជអាវុធហត្ថជាច្រើនរូប។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីកែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងអនុវត្តនៅគោលការណ៍របស់ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្ត បានសម្រេចធ្វើការកែទម្រង់ ដើម្បីធានាបានប្រសិទ្ធភាពការតែងតាំងផ្លាស់ប្ដូរមុខតំណែងកន្លែងធ្វើការនៅក្នុងអង្គភាពកងរាជអាវុធហត្ថ ការបង្កើតចាត់តាំងរៀបចំធនធានមនុស្សដើម្បីភាពរីកចម្រើនការងារក្នុងអង្គភាពឱ្យមានភាពរីកចម្រើន ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន ហើយរៀបចំធនធានមនុស្សឲ្យស្របនឹងសមត្ថភាពជំនាញ និងនិស្ស័យគុណាធិបតេយ្យ ជាការផ្លាស់ប្ដូរឱកាសសម្រាប់អ្នកបន្តវេនជាការផ្លាស់ប្ដូរបរិយាកាសការងារ ចែករំលែកបទពិសោធន៍ល្អៗក្នុងគោលបំណងធ្វើឲ្យស្ថាប័នអង្គភាពរីកចម្រើនព្រមៗ។

លោកមេបញ្ជាការ បានបន្ថែមថា មន្ត្រីកងរាជវុធហត្ថទាំងអស់ ត្រូវមានតួនាទីបំពេញការព្វកិច្ចក្រុមសីលធម៌ឲ្យបានខ្ជាប់ខ្ជួន មានស្មារតី សុខភាពរឹងមាំ ចេះសាមគ្គីគ្នាជួយគ្នាទៅវិញទៅមក និងរក្សាភាពផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ឲ្យបានរឹងមាំង និងអនុវត្តទៅតាមគោលការណ៍របស់កងរាជវុធហត្ថលើផ្ទៃប្រទេស។ ជាពិសេសក្នុងនាមជាកម្លាំងកងរាជវុធហត្ថ ត្រូវរក្សាសុវត្ថិភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាក្នុងតំបន់របស់ខ្លួន ដូចពាក្យស្លោករបស់ នាយឧត្តមសេនីយ៍មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសថា ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប! ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ៕