(កំពង់ឆ្នាំង)៖ មនុស្ស៤នាក់បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់ដែលបន្សល់ទុកពីសម័យសង្គ្រាមមួយគ្រាប់ មិនស្គាល់ប្រភេទគ្រាប់ ដែលជនរងគ្រោះរើសបានពីក្នុងទឹកទន្លេ និងបានយកមកគប់លេងបណ្តាលគ្រាប់នោះផ្ទុះឡើង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងនៅ៤៖០០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចកោះមនោ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច កណីខាងលើនេះ នៅមុនពេលកើតហេតុមានបុរសម្នា ក់រស់នៅក្នុងភូមិឃុំខាងលើ បានយកមងទៅរាយនៅក្នុងទន្លេ ហើយក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ មិនស្គាល់ប្រភេទជាគ្រាប់អ្វីនោះទេ និងបានស្រង់យកគ្រាប់នោះមកគប់លេងនៅលើដីមាត់ច្រាំងទន្លេ លុះគប់ចុះឡើងជាច្រើនសារ ទើបគ្រាប់នោះក៏បានផ្ទុះឡើង បណ្ដាលឲ្យមានមនុស្ស២នាក់រងរបួសស្រាល ក្នុងនោះមានកុមារអាយុទើបតែ១ខូបម្នាក់ផងដែរ និងមនុស្សចាស់២នាក់ទៀតរងរបួសធ្ងន់ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ ភ្លាមៗនោះដែរជនរងគ្រោះទាំង ៤នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌។

លោក ចេង ចាន់ដូរណា អភិបាលស្រុកបរិបូណ៌ បានឲ្យដឹង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះថា ជនរងគ្រោះទាំង៤នាក់ខាងលើនេះ រួមមាន ឈ្មោះ សេនសារី ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសធ្ងន់ ឈ្មោះ សេន ពូកៅ ភេទប្រុសអាយុ ៤៣ឆ្នាំ រងរបួសធ្ងន់ ឈ្មោះ សេន ម៉ាលិច ភេទប្រុស អាយុ១០ឆ្នាំ រងរបួសស្រាល និងក្មេងម្នាក់ទៀត ទើបតែមានអាយុជាង១ខូប រងរបួសស្រាល។ ជនរងគ្រោះទាំងអស់ជាជនជាតិខ្មែរឥស្លាម រស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីកើតមាននូវករណីគ្រោះថ្នាក់ខាងលើនេះ ដោយមានការយកចិត្តទុក្ខដាក់ពីលោកអភិបាលខេត្តកំពង់ឆ្នាំង លោកក៏បានឲ្យរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកស្រុកបរិបូណ៌ ប្រញាប់ចេញទៅដឹកជញ្ជូនជនរងគ្រោះយកមកសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ និងបានចាត់កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយអង្គភាពកំចាត់មីនស៊ីម៉ាក់ (CMAC) ចុះទៅដល់ទីតាំងដើម្បីពិនិត្យកន្លែងកើតហេតុជាក់ស្តែង ក្រែងមានសេសសល់គ្រាប់មិនទាន់ផ្ទុះនៅទីនោះទៀត។

ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ខាងលើនេះ មាន២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តផងដែរ។ ដោយឃើញហេតុការណ៍គ្រោះថ្នាក់បែបនេះ លោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវណែនាំដល់កូនចៅតូចៗរបស់បងប្អូន នៅពេលប្រទះឃើញគ្រាប់ចាស់ៗមិនទាន់ផ្ទុះ ឬក៏មានការសង្ស័យថា ជាប្រភេទគ្រាប់មិនទាន់ផ្ទុះសូមកុំធ្វើការប៉ះពាល់ឲ្យសោះ គឺត្រូវប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបងប្អូន ដើម្បីចៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយដែលបានកើតឡើងជាយថាហេតុ បណ្ដាលមកពីគ្រាប់មិនទាន់ផ្ទុះដូចករណីខាងលើនេះ៕