(អ៊ីស្តានប៊ុល)៖ តួកគី គ្រោងនិងបញ្ជូនរថយន្តដឹកទំនិញជាង៣០គ្រឿង ដែលផ្ទុកទៅដោយ ស្បៀងអាហារ សម្លៀកបំពាក់ក្មេងៗ និងប្រដាប់ប្រដាក្មេងលេងជាច្រើន ទៅកាន់ទីក្រុង អាឡេប៉ូ ប្រទេសស៊ីរី នៅថ្ងៃចន្ទនេះ ស្របពេលដែល អាមេរិកនិងរុស្ស៊ីបានចុះកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់នៅស៊ីរី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។
ប្រធានាធិបតីតួកគីលោក Racep Tayyip Erdogan បានឲ្យដឹងថា បទឈប់បាញ់ដែលមានរយៈពេល ៤៨ម៉ោងឬ២ថ្ងៃ អាចនឹងបន្តដល់មួយអាទិត្យឬយូរជាងនេះទៅទៀត។ ហើយនៅថ្ងៃនេះ បន្ទាប់ពីថ្ងៃលិច ដែលជាពេលដែលបទឈប់បាញ់ នៅស៊ីរីនឹងចូលជាធរមាននោះ អង្គការសហសហប្រជាជាតិ រួមជាមួយនឹងកាកបាទក្រហមរបស់តួកគី នឹងផ្តល់ជំនួយសប្បុរសធម៌ជា ស្បៀងអាហារ សម្លៀកបំពាក់ និងសម្ភារៈក្មេងលេង ទៅឲ្យប្រជាជនដែលរស់នៅក្នុងទីក្រុង អេប៉េឡូ ហើយក៏អាចទៅដល់ខេត្ត ស៊ីរីដែលនៅជាប់នឹងព្រំប្រទល់តួកគីដូចជា Al-Rai និង Jarablus ផងដែរ។
គួរបញ្ជាក់ថា បទឈប់បាញ់ដែលត្រូវបានព្រមព្រៀងគ្នារវាងរុស្ស៊ី (គាំទ្រប្រធានាធិបតីស៊ីរី) និងអាមេរិក (គាំទ្រពួកឧទាមមួយចំនួននៅស៊ីរី) មិនរាប់បញ្ចូលពួកក្រុមជីហាដឡើយ ហើយកិច្ចខិតខំប្រឹងប្រែង បង្កើតឲ្យមានការព្រមព្រៀងឈប់ប្រយុទ្ធគ្នានៅស៊ីរី កាលពីពេលមុនៗនោះ បានបរាជ័យទៅវិញ ក្នុងពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ លោក Erdogan បាននិយាយទៀតថា ទោះជាយ៉ាងណាក្តី ប្រតិបត្តិការយោធារបស់តួកគី ប្រឆាំងនឹងពួក ISIS នៅភាគខាងជើងស៊ីរី នឹងនៅតែបន្ត៕