(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា នៅព្រឹកមិញ កម្លាំងគយដែលប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចាប់ខ្លួនបុរសជនជាតិម៉េឡេស៊ីម្នាក់ ដោយធ្វើការរឹបអូសថ្នាំញៀនជាង១គីឡូក្រាម។
មន្រ្តីគយរូបនេះ បានបញ្ជាក់ទៀតថា មេក្លោងជួញដូរគ្រឿងញៀនរូបនេះ មានបំណងនាំគ្រឿងញៀនទៅកាន់ម៉ាកាវ ប្រទេសចិន។ សម្រាប់ការនាំចេញថ្នាំញៀនខាងលើនេះ ជនសង្ស័យបានលាក់ដោយចងភ្ជាប់និងភ្លៅ ប៉ុន្តែដោយសារការស្រាវជ្រាវយ៉ាងជំនាញនោះ ទើបកម្លាំងសមត្ថកិច្ចអាចបង្ក្រាបបានដដែល។ នៅពេលកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តសួរនាំ ដើម្បីតាមចាប់បក្ខពួកបន្ថែមទៀត៕