(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ រៀបចំពិធីប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំបន្ថែមលេខ០២៩ សណន ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្តីពីការអនុវត្តនីតិវិធី នៃការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក ការលើកទឹកចិត្តដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និងទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំនោះក៏មានការចូលរួមពីអគ្គស្នងការដ្ឋានន គរបាលជាតិ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ សេនាធិការដ្ឋានអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំង២៥។
ក្នុងអង្គប្រជុំផ្សព្វផ្សាយ នាយឧត្តមសេនីយ៍អគ្គនាយកសវនកម្មផ្ទៃក្នុងបានថ្លែងថា ដើម្បីធានាប្រសិទ្ធភាព នៃការងារអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ប្រកបដោយតម្លាភាព និងគណនេយ្យភាព សមត្ថកិច្ចនគរបាលចរាចរណ៍ ផ្លូវគោកគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចសហការឲ្យ កាន់តែល្អ ប្រសើរគ្រប់ប្រតិបត្តិការ គ្រប់បណ្ដាអង្គភាព ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវបែងចែកប្រាក់រង្វាន់ឲ្យសមធម៌ក្នុង អង្គភាពនីមួយៗ ស្របតាមចំនួននៃប្រាក់ចំណូលសរុប ពីការផាកពិន័យដែលអង្គភាពនីមួយៗទទួលបានជាក់ស្ដែង។
នាយឧត្តមសេនីយ៍បន្តថា ក្នុងពេលបំពេញភារកិច្ចសមត្ថកិច្ចនគរបាល ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធ៌មវិជ្ជាជីវៈរបស់កងកម្លាំង នគរបាលជាតិ មានអាកប្បកិរិយាទន់ភ្លន់សុភាពរាបសារ ថ្លែថ្នូរ និងម៉ឺងម៉ាត់ក្នុងការងារ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ។
ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍អគ្គនាយក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីកាត់គ្រោះថ្នាក់ និងលើកស្ទួយកិត្យានុភាពជាតិ៕