(បន្ទាយមានជ័យ​)​៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យ២នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន ទៅសាលាដំបូងខេត្តចាត់ការតាមតាមនីតិវិធីច្បាប់។

គួរឱ្យដឹងថា នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន​ នៅចំណុចក្លឹបកម្សាន្ត EDM ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់រួមមាន៖

ទី១៖ ឈ្មោះ ថន លីមហុង ហៅ ស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទឹកភ្លើង ទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
ទី២៖ ឈ្មោះ លី ឧត្តម ហៅ ដំ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្នភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ក្នុងប្រតិបត្តិការនោះ កម្លាំងបានចាប់យកសម្ភារៈវត្ថុតាងរួមមាន​៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន០៤ថង់កិប ទម្ងន់២១,២២ក្រាម, ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន២០គ្រាប់ (ពណ៌ស្វាយ ០១គ្រាប់) (អ៉ិចស្តាស៊ី) ទម្ងន់ ៨,១០ក្រាម,​ កញ្ចប់ម្ស៉ៅពណ៌ស្វាយរូបផ្លែទំពាំងបាយជូរ (អ៉ិចស្តាស៊ី) ចំនួន​ ០៥កញ្ចប់ ទម្ងន់ ៦៦,១៣ក្រាម,​ កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបសេះ (អ៉ិចស្តាស៊ី) ចំនួន ០៣កញ្ចប់ ទម្ងន់ ១៩,៩៩ក្រាម,​ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងឌ្រីម ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៧ ផ្លាកលេខបាត់ដំបង 1C-9033,​ ទូរស័ព្ទ ចំនួន ០២គ្រឿង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានឱ្យដឹងថា​ មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលពត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខក្លឹបកំសាន្តEDM។

ភ្លាមៗនោះកម្លាំងបានចុះទៅចំណុចកើតហេតុ បានប្រទះនឹងជនសង្ស័យចំនួន២នាក់ ជិះម៉ូតូចំនួន ១គ្រឿង ដោយមានការសង្ស័យកម្លាំងបានឃាត់សួរនាំ និងធ្វើការត្រួតពិនិត្យជនសង្ស័យទាំង ២នាក់​ រកឃេីញគ្រឿងញៀនក្នុងខ្លួនជនសង្ស័យឈ្មោះ ថន លីមហុង ហៅស្នា។ ចំណែកឈ្មោះ លី ឧត្តម ហៅ ដំ (វត្ថុតាងគ្មាន)។ បន្ទាប់មកកម្លាំងឃាត់ខ្លួន​ រួមនឹងដកហូតវត្ថុតាង​ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​និងសួរនាំរួច​ ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគឿងញៀនមកទុកលក់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​ បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕