(រតនគិរី)៖ គោញីរបស់ប្រជាពលរដ្ឋមួយក្បាល បានបាត់ចេញពីផ្ទះអស់មួយយប់ លុះព្រឹកឡើង ស្រាប់តែម្ចាស់ប្រទះឃើញ សាច់ច្រកក្នុងការ៉ុង នៅដីចំការមួយកន្លែង នៅស្រុកលំផាត់ ។ ហេតុការណ៍កើតឡើងនៅយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ ភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ មន្ដ្រីនគរបាល បានឲ្យដឹងថា នៅព្រឹកមិញនេះ សមត្ថកិច្ចបានពីជនរងគ្រោះឈ្មោះ យ៉ូន គ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន មានទីលំនៅកន្លែងកើតហេតុ។
ជនរងគ្រោះ បានបញ្ជាក់ថាគាត់បានបាត់គោញី១ក្បាល កាលពីយប់លុះព្រឹកឡើង ទើបបានគាត់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍សេដា ហើយកម្លាំងប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវ រកឃើញវត្ថុតាងដូចជាសាច់គោស្រស់ៗដាក់ក្នុងឆ្នាំង ក្បាលគោមួយ ជើងគោ៤ ដែលពួកគេដាក់ក្នុងការ៉ុង នៅក្នុងដីចំការមួយកន្លែង ស្ថិតនៅភូមិឃុំខាងលើ។
យ៉ាងណាមិញ លោក នូ ថេ អភិបាលស្រុកលំផាត់ បានប្រាប់អ្នកសារព៌ត័មាន សមត្ថកិច្ចបានកោះហៅម្ចាស់ចំការ ទៅសួរនាំ យ៉ាងណានោះទាក់ទិនករណីខាងលើ លោកនឹងប្រាប់នៅពេលក្រោយទៀត៕