(ណេវ៉ាដា)៖ យន្តហោះខ្នាតតូចមួយគ្រឿង ដឹកមនុស្ស ០៣នាក់ បានធ្លាក់នៅក្នុងព្រលានយន្តហោះ Reno នៃទីក្រុង Tahoe រដ្ឋ Nevada ភាគខាងលិច សហរដ្ឋអាមេរិក នៅមុននេះបន្តិច បានបណ្តាលឲ្យមនុស្សជិះនៅលើនោះទាំងអស់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នារសៀលថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។

យន្តហោះខាងលើនេះមានឈ្មោះថា Cherokee បានព្យាយាមហោះចេញពីព្រលានយន្តហោះ Reno ទាំងយប់ថ្ងៃអាទិត្យ (ពេលវេលានៅភាគខាងលិចអាមេរិក) ហើយក៏បានជួបប្រទះបញ្ហាបច្ចេកទេស មួយចំនួនទើបបណ្តាលឲ្យធ្លាក់ចុះមកវិញនៅម្តុំចំណតរថយន្ត ក្បែរព្រលានយន្តហោះនោះតែម្តង។ ពុំមានមនុស្សណាម្នាក់ នៅលើដីរងរបួសនោះទេ ប៉ុន្តែរថយន្ត១៥គ្រឿងដែលចតនៅក្នុងចំណតនោះ បានទទួលរងការខូចខាតខ្លាំង។

គួរបញ្ជាក់ មូលហេតុពិតប្រាកដនៃការធ្លាក់នេះ នៅមិនទាន់មានការបញ្ជាក់នោះទេ ប៉ុន្តែរថយន្តប្រមាណជិត ១០០គ្រឿង ត្រូវបានបង្ខាំងទុកនៅចំណតសិន ជាមួយនឹងកម្ទេចកម្ទីរយន្តហោះ រង់ចាំការស៊ើបអង្កេតបញ្ចប់ ទើបម្ចាស់របស់ពួកវា អាចយកចេញពីទីនោះបាន៕

http://image.freshnewsasia.com/2016/020/fn-2016-09-12-14-59-21-0.png