(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា លទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅប្រទេសចិន គឺទទួលបានភាពល្អប្រសើរ នេះបើយោងតាម Facebook ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅមុននេះបន្តិច នារសៀលថ្ងៃនេះ។
យោងតាម Facebook ដដែលបានបញ្ជាក់បន្ថែមថា លទ្ធផលនៃដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃនៅប្រទេសចិន គឺទទួលបានភាពល្អប្រសើរ ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមការតាំងពិព័ណ៌ អាស៊ាន-ចិន លើកទី១៣ ក្រោមប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ និងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១» ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែង សុន្ទរកថា ពិសេស ទៅកាន់ពិធីនៃការបើកក្នុងពិព័ណ៌ អាស៊ាន-ចិន នេះផងដែរ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារ ជាច្រើន ជាមួយបណ្តាថ្នាក់ដឹកនាំមួយចំនួន របស់ប្រទេសចិន ដើម្បីពង្រឹង នូវកិច្ចសហប្រតិបត្តិការ និងគៀងគរ អ្នកវិនិយោគចិន មកវិនិយោគ នៅ កម្ពុជាអោយមកវិនិយោគកាន់តែច្រើនឡើងថែមទៀត និងដើម្បីបង្ហាញផលិតផលខ្មែរមកកាន់ទីផ្សារប្រទេសចិន។ ជាពិសេសទៀតនោះ គឺដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងចិន និងកម្ពុជាអោយកាន់តែប្រសើរឡើង។
ការបញ្ជាក់លទ្ធផលបែបនេះបានធ្វើឡើង ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកកាន់ប្រទេសកម្ពុជា ប្រកបដោយសុវត្តិភាពវិញហើយ បន្ទាប់ពីបានអញ្ជើញ ទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិន លើកទី១៣ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៦៕