(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីនដែលដឹកនាំដោយប្រធានាធិបតីលោក Rodrigo Duterte បានប្រកាស នៅថ្ងៃចន្ទនេះអំពី «ភាពជោគជ័យ» របស់ខ្លួន ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលជាង ២ខែមកនេះ ដែលសមត្ថកិច្ចបានបាញ់សម្លាប់ជនសង្ស័យ ២,៩៥៦នាក់ និង ចាប់ខ្លួនជាង ១៦,០០០នាក់ទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានហ្វីលីពីន Phil-star នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។
នៅក្នុងតួលេខជាផ្លូវការ គឺ ជនសង្ស័យ ១,៤៦៦នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ និង ១,៤៩០នាក់ទៀត ត្រូវបានកងកម្លាំងស្ម័គ្រចិត្តជាអ្នកបាញ់សម្លាប់។ នេះជាលទ្ធផលដែលសម្រេចបានក្នុងរដ្ឋបាលរបស់ លោក Duterte ដែលបានឡើងកាន់អំណាចជាផ្លូវការកាលពីថ្ងៃទី៣០ ខែមិថុនា ហើយទាំងនេះក៏ជាអ្វី ដែលលោកបានសន្យាចំពោះម្ចាស់ឆ្នោត ថានឹងបង្ក្រាបបទឧក្រិដ្ឋកម្ម និង ការរត់ពន្ធគ្រឿងញៀនដែល ដុះស្នឹមនៅក្នុងសង្គមហ្វីលីពីន ដែលរដ្ឋាភិបាលមុនៗមិនអាចដោះស្រាយបាន។
គួរបញ្ជាក់ថា ក្រៅពីការសម្លាប់និងចាប់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ អ្វីដែលមិនគួរឲ្យជឿ គឺប្រជាជន ហ្វីលីពីន ដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនសរុបជាង ៧០០,០០០នាក់ បានយល់ព្រមប្រគល់ ខ្លួនដល់សមត្ថកិច្ច ដើម្បីគេចចេញពីការបាញ់សម្លាប់ និង ការចាប់មកផ្តន្ទាទោសធ្ងន់ធ្ងរដោយសមត្ថកិច្ច។ ទោះបីជាមានការរិះគន់ពីមហាអំណាចពិភពលោក ដូចជាអាមេរិក និង អង្គការសហប្រជាជាតិក៏ដោយ ក៏ប្រទេសហ្វីលីពីន មិនបានបង្ហាញសញ្ញាថានឹងបញ្ឈប់ ឬក៏ធ្វើការបកស្រាយអ្វីច្រើនចំពោះទង្វើនេះដែរ៕