(ភ្នំពេញ)៖ ស្ដ្រីដែលក្លែងជានគរបាលតាមរយៈការកាត់តរូបភាព និងបន្លំជាកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលសារភាពពាក់ព័ន្ធករណីបោកប្រាស់ និងឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃុត ដាវី មានទីលំនៅផ្ទះលេខ១១បេ ផ្លូវ០១ បុរីការ៉ាវិនថោន សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
ក្រោយការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ២នាក់ រួមមាន៖
*ទី១៖ឈ្មោះ ថៅ បូរី ភេទស្រី មានទីលំនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ មុខរបរបោះដុំបន្លែ និងម្ជូរនៅផ្សារព្រែកព្នៅ ទំនាក់ទំនងជាមួយជនល្មេីស រកសុីក្នុងផ្សារជាមួយគ្នាតាំងពីឆ្នាំ២០១៨ ជនល្មេីសបានខ្ចីលុយចំនួន ៤,០០០ដុល្លារ កាលពីថ្ងៃទី០៣ ខែ៥ ឆ្នាំ២០២១
*ទី២៖ឈ្មោះ លី ពុធសិលា ភេទស្រី មានទីលំនៅ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ មុខរបរលក់បាយក្នុងផ្សារព្រែកព្នៅ ទំនាក់ទំនងជាមួយជនល្មេីសស្គាល់គ្នាក្នុងផ្សារ រកសុីជាមួយគ្នា ចាប់ពីខែ០៥ ឆ្នាំ២០២៣ បានខ្ចីលុយជនរងគ្រោះចំនួន ២១,២០០ដុល្លារ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការតាមនីតិវិធី ទាក់ទិនករណីក្លែងជានគរបាល និងបន្លំជាកូនចៅរបស់លោក ព្រមទាំងករណីឆបោកប្រាក់៕