(កំពង់ស្ពឺ)៖ អគ្គិសនីកម្ពុជាបានបញ្ចប់ការសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល និងដាក់ឱ្យដំណើរការជំហានដំបូង ១១៥គីឡូវ៉ុល ពីអនុស្ថានីយទី៤ (GS4) ព្រៃទទឹង ផ្លូវជាតិលេខ៣ មកក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រវែង៣០គីឡូម៉ែត្រ នៅដើមខែឧសភា ឆ្នាំ២០២៤នេះ ដែលត្រូវផ្គត់ផ្គង់មកក្រុងច្បារមនមានតម្រូវការប្រមាណជាង៨០មេហ្គាវ៉ាត់។
គួរជម្រាបថា អគ្គិសនីដែលប្រើប្រាស់នៅមូលដ្ឋាននេះ ពីមុនមក ត្រូវទទួលការផ្គត់ផ្គង់តាមខ្សែបញ្ជូនអគ្គិសនី ១១៥គីឡូវ៉ុលចាស់ពីអនុស្ថានីយវារីអគ្គិសនីគិរីរម្យ មករាជធានីភ្នំពេញ ដែលបានសាងសង់តាំងពីឆ្នាំ២០០០។ ខ្សែបញ្ជូនចាស់នេះមានលទ្ធភាពបញ្ជូនអគ្គិសនីបានប្រមាណ ៥០មេហ្គាវ៉ាត់ ដែលទទួលរងបញ្ហាលើសបន្ទុកជាញឹកញាប់នៅពេលទទួលថាមពលពីភ្នំពេញ ហើយត្រូវយកប្រភពពីទីតាំងផ្សេងមកបន្ថែម ជាពិសេសនៅរដូវប្រាំងដែលវារីអគ្គិសនីគិរីរម្យទាំង២ កម្លាំងសរុប៣០មេហ្គាវ៉ាត់មិនដំណើរការពេញ ហើយត្រូវយកប្រភពពីទីតាំងផ្សេងមកបន្ថែម។ ដូចនេះចាប់ពីពេលនេះតទៅមុខ ក្រុងច្បារមននឹងលែងមានបញ្ហា ខ្វះប្រភពផ្គត់ផ្គង់អគ្គិសនីទៀតហើយ ដោយខ្សែបញ្ជូនថ្មីនេះមានលទ្ធភាពបញ្ជូនអគ្គិសនីបានប្រមាណ ៣០០មេហ្គាវ៉ាត់ លើខ្សែបញ្ជូនអគ្គិសនីចាស់៦ដង។
ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ថ្មីនេះ ត្រូវបានសម្រេចឱ្យសាងសង់ក្នុងឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់ឯកឧត្តម កែវ រតនៈ ដែលជាអគ្គនាយកអគ្គិសនីកម្ពុជានៅពេលនោះ។ ប៉ុន្តែជាមួយនឹងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាលតាមគន្លងខ្សែបញ្ជូនអគ្គិសនីមានរយៈពេលយូរ ទើបនៅដើមខែឧសភា ឆ្នាំ២០២៤នេះ អគ្គិសនីកម្ពុជាអាចដាក់ឱ្យដំណើរការខ្សែបញ្ជូនអគ្គិសនីនេះបានដោយជោគជ័យ។
ជាមួយគ្នានេះ ជំនាញអគ្គិសនីកម្ពុជា នឹងខិតខំកែតម្រូវលក្ខណៈបច្ចេកទេសមួយចំនួនបន្ថែមទៀត ដើម្បីឱ្យការផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាព និងស្ថិរភាព ព្រមទាំងមានផែនការសាងសង់អនុស្ថានីយថ្មីៗបន្ថែមទៀតនៅក្នុងគន្លងខ្សែបញ្ជូនអគ្គិសនី ដើម្បីចូលរួមចំណែកជួយដល់អ្នកវិនិយោគទុនដែលកំពុងសាងសង់ រោងចក្រឧស្សាហកម្មជាច្រើនក្នុងខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ក្រៅពីអនុស្ថានីយច្បារមននេះ ខេត្តកំពង់ស្ពឺបច្ចុប្បន្ននេះត្រូវបានផ្គត់ផ្គង់ពីអនុស្ថានីយទី៤ ព្រៃទទឹង អនុស្ថានីយទី៦ ឧដុង្គ អនុស្ថានីយទឹកផុស និងអនុស្ថានីយគិរីរម្យ ដែលមានតម្រូវការសរុបទូទាំងខេត្តប្រមាណជិត ២០០ មេហ្គាវ៉ាត់។
បន្ថែមពីនេះ អគ្គិសនីកម្ពុជាសូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ ដែលបានចូលរួមសហការជាមួយអគ្គិសនីកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសប្រជាពលរដ្ឋរងផលប៉ះពាល់តាមគន្លងខ្សែបញ្ជូនអគ្គិសនី ដែលបានរួមចំណែកលះបង់ដីធ្លី និងព្រមទទួលយកសំណងសមរម្យ ដើម្បីឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិមួយនេះទទួលបានជោគជ័យ ឈានទៅផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់ហើយកាន់តែមានស្ថិរភាពនិងគុណភាពល្អជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគទុនក្នុងខេត្តកំពង់ស្ពឺទាំងមូល៕