(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យបង្រៀនអក្សរផ្ចង់ចិនទៅក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ ដើម្បីពង្រីកការយល់ដឹងនិងផ្លាស់ប្ដូរវប្បធម៌ ទស្សនវិជ្ជា និងសិល្បៈរវាងប្រជាជនកម្ពុជានិងប្រជាជនចិន។

ការប្រកាសដាក់ឱ្យមានថ្នាក់អក្សរផ្ចង់ចិនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីនៅវិទ្យាល័យព្រះយុគន្ធរនោះ ធ្វើឡើងនាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាល័យព្រះយុគន្ធរផ្ទាល់តែម្ដង។

លោក តុង វណ្ណៈ ប្រធានសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានឱ្យដឹងថា អក្សរសាស្រ្តចិនត្រូវបានបង្កើតឡើងតាមបែបលក្ខណៈស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីប្រាជ្ញា និងទស្សនវិជ្ជាអប់រំ តាមរយៈស្នាដៃនៃការសរសរអក្សរផ្ចង់លើផ្ទាំងក្រដាសពណ៌ស ដោយប្រើជក់ជ្រលក់ទឹកខ្មៅរបស់ប្រជាជនចិនរាប់ពាន់ឆ្នាំមកហើយ។

លោកប្រធានសមាគមបានបន្តថា ការបង្កើតឱ្យមានថ្នាក់សិក្សាអក្សរផ្ចង់ចិននេះពិតជាមានសារសំខាន់ចំពោះសិស្សានុសិស្សកម្ពុជា ដោយមិនត្រឹមតែចេះនិយាយភាសាចិនប៉ុណ្ណោះទេ ថែមទាំងអាចមានសមត្ថភាពសរសរអក្សរផ្ចង់ចិនថែមទៀតផង ជាពិសេសក៏បានសិក្សាស្វែងយល់អំពីអត្ថន័យ ខ្លឹមសារតាមបែបទស្សនវិជ្ជាអប់រំ ដែលបង្កប់នៅក្នុងអក្សរសាស្រ្ត និងអក្សរផ្ចង់ចិនមួយឃ្លាៗបានយ៉ាងច្បាស់លាស។

លោក លឹម វុទ្ធី នាយកប្រតិបត្តិនៃសាលាបណ្ដុះបណ្ដាល Step Forward Abroad School បានឱ្យដឹងដែរថា ការរៀបចំថ្នាក់សរសេរអក្សរផ្ចង់ចិននៅឆ្នាំ២០២៤នេះ នឹងរំលេចនូវខ្លឹមសារដ៏ស៉ីជម្រៅ ឆ្លុះបញ្ចាំងពីទស្សនអប់រំរបស់ប្រទេសចិនតាមរយៈគំនូរអក្សរ និងគំនូរនៃអក្សរផ្ចង់ចិន ដែលបង្កប់នូវអត្ថន័យអប់រំ។ សិស្សានុសិស្សទាំងអស់នឹងបានស្វែងយល់ថាអក្សរផ្ចង់ចិននេះ ដែលជាគ្រឹះនៃវប្បធម៌និងសិល្បៈចិនដ៏សំខាន់ និងមានតម្លៃបំផុតក្នុងសង្គមចិនតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។

លោក លី ហួត ប្រធានសមាគមអ្នកសរសេរអក្សរផ្ចង់ខ្មែរចិន បានឱ្យដឹងថា អក្សរផ្ចង់ចិនមានប្រវត្តិប្រមាណ៥០០០ឆ្នាំមកហើយ។ លោក លី ហួត បានបង្ហាញក្ដីរីករាយក្នុងកិច្ចសហការបង្រៀនអក្សរផ្ចង់ចិនដល់សិស្សានុសិស្សកម្ពុជា ដើម្បីរួមចំណែករឹតចំណងមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរ ពិសេសលើផ្នែកអក្សរ វប្បធម៌ សិល្បៈជាដើម។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបង្ហាញការគាំទ្រថ្នាក់អក្សរផ្ចង់ចិនទៅក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី ដើម្បីពង្រីកការយល់ដឹងនិងផ្លាស់ប្ដូរវប្បធម៌ ទស្សនវិជ្ជា និងសិល្បៈរវាងប្រជាជនកម្ពុជានិងប្រជាជនចិន។

លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ការរៀនអក្សរផ្ចង់ចិន សិស្សានុសិស្សនឹងទទួលបានការអប់រំអមជាមួយនឹងទស្សនវិជ្ជារបស់ចិន ដូចជាទស្សនវិជ្ជារបស់អ្នកប្រាជ្ញ ខុង ជឺ អ្នកប្រាជ្ញ ឡៅ ស៊ឺ ជាដើម ដែលសុទ្ធជួយបណ្ដុះគំនិតល្អៗដល់ពួកគេ។ ម្យ៉ាងទៀតក៏ផ្ដល់បំនិនបន្ថែមទៀតដល់សិស្សានុសិស្សកម្ពុជាឱ្យចេះស្រមើលស្រមៃ មានការច្នៃប្រឌិត ចេះត្រិះរិះគិតគូរវែងឆ្ងាយ ពិសេសនឹងជួយទាក់ទាញឱ្យសិស្សចាប់អារម្មណ៍រៀនភាសាចិនផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបន្តទៀតថា ប្រទេសកម្ពុជានិងចិនមានវប្បធម៌ចំណាស់ជាងគេក្នុងតំបន់ និងពិភពលោក ហើយមានទំនាក់ទំនាក់ជាមួយគ្នាតាំងពីសម័យហ្វូណន ដើមសតវត្សទី១រហូតមកដល់បច្ចុប្បន្ន។ នៅក្នុងឆ្នាំ២០២៤នេះ គឺជាឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងកម្ពុជា-ចិន ដូច្នេះការរៀបចំឱ្យមានថ្នាក់អក្សរផ្ចង់ចិននេះក៏នឹងជំរុញទំនាក់ទំនង ការផ្លាស់ប្ដូរបន្ថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ក៏បានលើកទឹកចិត្តឱ្យបន្តបេសកកម្មលើកកម្ពស់ ការអប់រំភាសាចិនឱ្យកាន់តែទូលំទូលាយថែមទាំង និងលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងសរសេរអក្សរផ្ចង់ចិន ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានសមត្ថភាព និងស្នាដៃបានចូលរួមបញ្ចេញទេពកោសល្យរបស់ខ្លួន៕