(ត្បូងឃ្មុំ)៖ បន្ទាប់ពី «យុទ្ធនាការកម្ពុជាស្អាត» នៅឃុំព្រះធាតុ គឺនៅនៅថ្ងៃនេះ បានចាប់ផ្តើមនៅឃុំមៀន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ រួមជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាការពារភូមិ យុវជន និងប្រជាពលរដ្ឋ ចំនួនចំនួន១៦០០នាក់ បានចេញមកសម្អាតអនាម័យនៅជុំវិញផ្ទះ នៅតាមសាលារៀន វត្តអារាម និងមូលដ្ឋានទាំង១៤ភូមិ និងបានប្រមូលបានសំរាមសំណល់ប្លាស្តិកបានចំនួន ២តោន។

ចលនានេះបានចាប់ផ្តើមភាពស្អាតចេញពីបេះដូង ដែលបានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានមនុស្សចំនួនជាង៨លាននាក់ បានសម្រេចចិត្តចូលរួមធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត និងគ្មានការបំពុលដោយប្លាស្ទិក។

តាមរយៈ «យុទ្ធនាការកម្ពុជាស្អាត» ប្រជាពលរដ្ឋ ក្នុងឃុំមៀនបានប្រមូលសំរាមបានលើកឡើងពីការប្តេជ្ញាចិត្តចូលរួម សម្អាតបរិស្ថាន ដែលតម្រូវឱ្យមានការចូលរួម ដោយចំណាយពេលយ៉ាងតិច១០ទៅ១៥នាទីក្នុង១ថ្ងៃ ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រឱ្យដល់ចលនាសម្អាតបរិស្ថាន តាមរយៈ «យុទ្ធនាការកម្ពុជាស្អាត» ឱ្យបានផុសផុលនៅតាមមូលដ្ឋានបន្ថែមទៀត ជារៀងរាល់សប្តាហ៍ ក្នុងការជំរុញការលើកកម្ពស់អនាម័យបរិស្ថាន សោភណភាពរបស់មូលដ្ឋាន និងដើម្បីកម្ពុជាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគតដ៏ខ្លី។

លោករដ្ឋមន្រ្តី បានបន្ថែមផងដែរថា ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិយា និងឥរិយាបទ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយ ការយល់ដឹងពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន។

អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ៕