(ភ្នំពេញ)៖ មន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា និងសមាគមមិត្តភាពកម្ពុជា-ចិនបានលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្សនិស្សិតកម្ពុជាឱ្យចូលរួម ដាក់ពាក្យស្នើសុំអាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិនឆ្នាំ២០២៤ ដើម្បីបានទៅរៀននៅប្រទេសចិន ដោយមិនគិតថ្លៃ ហើយភាគីចិនជាអ្នកទទួលបន្ទុកលើសំបុត្រយន្តហោះ ការស្នាក់នៅ ប្រាក់ឧត្ថម្ភជាដើម។

កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន ស្ថានទូតចិនប្រចាំកម្ពុជា និងសមាគមមិត្តភាពកម្ពុជា-ចិន បានរៀបចំវេទិកាឈ្វេងយល់ពីអាហារូបករណ៍ក្រសួងពាណិជ្ជកម្មចិន ហៅកាត់ថា MOFCOM និងផ្សព្វផ្សាយពីនីតិវិធីដើម្បីទទួលបានអាហារូបករនេះ ដល់មន្ត្រីរាជការ សិស្សនិស្សិត និងសាធារណជនទូទៅ។

កម្មវិធីនេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន និងយុវជនមកពីសមាគមអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាគមលើកកម្ពស់ការអប់រំកម្ពុជា-ចិន សរុបចំនួន៥០រូប។

នៅក្នុងឱកាសនោះ ឯកឧត្តម ច័ន្ទ សុវណ្ណារ៉េត អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានប្រសាសន៍ថា អាហារូបករណ៍ដែលឧបត្ថម្ភ ដោយក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិននេះ គឺជាផ្នែកមួយជួយលើកម្ពស់វិស័យអប់រំកម្ពុជាជាពិសេស បានផ្តល់ឱកាសដល់យុវជនកម្ពុជា បានទៅបន្តការសិក្សានៅប្រទេសចិនដោយមិនអស់លុយ និងថ្លៃថ្នាក់នៅធ្វើដំណើរជាបន្ទុក របស់ភាគីចិន។ មិនត្រឹមតែប៉ុណ្ណោះអាហារូបករណ៍នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ពាក់ព័ន្ធទៅនឹងវិស័យអប់រំ។

ឯកឧត្តមបញ្ជាក់ថា ព័ត៌មានលំអិតពាក់ព័ន្ធទៅនឹងអាហារូបករណ៍នេះ សូមចូលទៅកាន់គេហទំព័រ https://www.china-aibo.cn/en/info/1005/1422.htm។ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអតីតនិស្សិតបញ្ចប់ថ្នាក់បណ្ឌិតនៅប្រទេសចិន បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍កន្លងមក អាហារូបករណ៍របស់ ក្រសួងពាណិជ្ជកម្មចិននេះ មានគុណតម្លៃសម្រាប់បង្កើនមូលធនមនុស្សនៅកម្ពុជា ហើយដែលយើងត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីទទួលបានឱកាសនៃការសិក្សា និងបង្កើនមិត្តភាពជាមួយបណ្តាមិត្តភក្តិបរទេស ក្នុងការផ្សព្វផ្សាយពីទេសចរណ៍ និងវប្បធម៌របស់កម្ពុជាថែមទៀតផង។

លោកស្រី Zhong Jie ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ទទួលបន្ទុកការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានមានប្រសាសន៍ថា វិស័យធនធានមនុស្សជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេស ហើយអាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិននេះ នឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្កើនបរិមាណបញ្ញវន្តកម្ពុជា ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសង្គមជាតិ។

ក្រោយបទឧទ្ទេសនាម និងការបកស្រាយយ៉ាងក្បោះក្បាយទៅនឹងសំណួររបស់អង្គពិធី ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការបូកសរុបដោយបានថ្លែង នូវការកោតសរសើរនិងវាយតម្លៃខ្ពស់របស់ សមាគមមិត្តភាពកម្ពុជា-ចិន ដែលបានរៀបចំវេទិកានេះដើម្បីចូលរួមចំណែកកាន់តែសកម្មថែមទៀត ក្នុងការបង្កើនវិមាត្រទំហំនៃមូលធនមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពវាងវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមក៏បានក្រើនរំលឹកដល់មន្ត្រីរាជការ និងយុវជនកម្ពុជាក្តាប់ឱ្យជាប់ នូវកាលានុវត្តភាពដ៏ល្អប្រសើរនេះ ហើយក៏អាចឈ្វេងយល់ស៊ីជម្រៅ លម្អិត និងច្បាស់លាស់ពីអាហារូបករណ៍នានា ទាំងក្នុងប្រទេសកម្ពុជា ទាំងនៅបរទេសតាមរយៈសមាគមអ.ម.ត.ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន