(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដោយឧបត្ថម្ភថវិកាចំនួន១០០០ដុល្លារ សម្រាប់ប្រើប្រាស់ទិញទុយោបាញ់ទឹក និងចាត់ចែងប្រេងឥន្ធនៈ ដល់ក្រុមការងារអគ្គិភ័យសហគមខ្មែរឥស្លាម ក្នុងការត្រៀមទុកប្រើប្រាស់ពេលមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុក្នុងមូលដ្ឋាន។
ការលើកទឹកចិត្តជាថវិកាសម្រាប់ទិញសម្ភារប្រើប្រាស់ ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យពីសំណាក់លោក ជិន ប៊ុនធឿន បានធ្វើឡើង ក្នុងពេលលោកអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិសាអាហារបុណ្យ សាមគ្គីពន្លត់អគ្គិភ័យ (ទំនៀមទំលាប់ខ្មែរឥស្លាម) ជាមួយបងប្អូនសាសនិកឥស្លាម រស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
លោកអភិបាលខណ្ឌឬស្សីកែវ ស្ថិតក្នុងឱកាសនេះ បានលើកឡើងពីមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសុខសន្តិភាព ដែលមានតម្លៃស្មើអាយុជីវិត និងជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំបំផុតសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមពិសាអាហារបុណ្យសាមគ្គីពន្លត់អគ្គិភ័យ ក៏បានសម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ដឹងគុណ និងគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្ដើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះការអនុវត្តគម្រោង «ព្រែកជីកហ្វូណន-តេជោ» ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា៕