(ភ្នំពេញ)៖ លោក អាន ស៊ីថាវ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានឲ្យដឹងថា មានចំណុចសំខាន់ៗចំនួន៩ ដែលយើងអាចយកមកសរសេរជា «សេចក្ដីប្រកាសព័ត៌មាន ឬ Press Release» បាន។ ការបញ្ជាក់របស់លោក អាន ស៊ីថាវ បែបនេះបានធ្វើឡើងនៅសប្ដាហ៍ទី៤ នៃថ្នាក់ «សរសេរសេចក្ដីប្រកាសព័ត៌មាន សម្រាប់ក្រុមហ៊ុនឯកជន» របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC)។
៩ចំណុចសំខាន់ៗដែលអ្នកជំនាញខាងលើបានលើកឡើងមានដូចជា៖ អំពីផលិតផល, ការរួមទុនបញ្ចូលគ្នា, បច្ចុប្បន្នភាពផលិតផល, ព្រឹត្តិការណ៍ថ្មីៗ, ការបើកសាខា ឬក្រុមហ៊ុនថ្មី, ការប្រកាសដៃគូថ្មី, ការផ្លាស់ប្ដូរស្លាកសញ្ញា, ការទទួលពានរង្វាន់ និងការប្រកាសអ្នកគ្រប់គ្រងថ្មីជាដើម។
លោកអាន ស៊ីថាវ បានលើកជាឧទាហរណ៍មួយមកពន្យល់ថា៖ «ការផ្លាស់ប្ដូរឈ្មោះ ឬស្លាកសញ្ញា គោលបំណងនៃសេចក្ដីប្រកាសនេះ ដើម្បីសាធារណជននិងអតិថិជនរបស់ខ្លួន កុំឲ្យមានការច្រឡំក្នុងប្រការណាមួយ នៅពេលដែលក្រុមហ៊ុនឬស្ថាប័ន ផ្លាស់ប្ដូរឈ្មោះ ឬ ស្លាកសញ្ញា ក្រុមហ៊ុន គេហទំព័រ ផលិតផលរបស់ខ្លួន»។
តួរយ៉ាងការសរសេរសេចក្ដីប្រកាសពត៌មានអំពីការផ្លាស់ប្ដូរឈ្មោះ ឬ ស្លាកសញ្ញាត្រូវមាន ៤ចំណុចដូចជា៖
១.តើអ្វីជារបស់ថ្មី ?
២.តើពេលណានឹងចាប់ផ្ដើមអនុវត្ត?
៣.ហេតុផលអ្វីខ្លះនាំឲ្យមានការផ្លាស់ប្ដូរ ?
៤.ហេតុផលថ្នាក់ដឹកនាំទៅកាន់សាធារណជនកុំឲបារម្ភ ។
សូមជម្រាបថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ បច្ចុប្បន្ន FTC មានថ្នាក់សិក្សាចំនួន៣ជំនាញដូចជា៖ ថ្នាក់ព័ត៌មានទូទៅ, ថ្នាក់ព័ត៌មានសេដ្ឋកិច្ច និងជំនួញ និងថ្នាក់សិក្សាអំពីការថតរូប ក្នុងវិជ្ជាជីវៈសារព័ត៌មាន៕