(កំពត)៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅនាវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចាត់ឲ្យសហការីនាំយកអំណោយ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទៅប្រគល់ជូនភរិយារបស់មន្ដ្រីនគរបាលក្រុងកំពតម្នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ របួសបាក់ដៃ និងរបួសផ្នែកក្បាល។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា មន្ដ្រីនគរបាលដែលត្រូវប្រគល់អំណោយជូនក្នុងឱកាសនេះឈ្មោះ យ៉ែម ភឿន អាយុ៥៧ឆ្នាំ ឋារនៈស័ក្ដ អនុសេនីយ៍ឯក តួនាទីជាមន្ដ្រីនគរបាលចរាចរ នៃអធិការដ្ឋាននគរបាលក្រុងកំពត និងប្រពន្ធ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សួន រុន អាយុ៥៨ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំជម្ពូរវ័ន្ដ ស្រុកជុំគីរី ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦កន្លងទៅ បណ្ដាលឲ្យរបួសបាក់ជើង និងរបួសផ្នែកក្បាល។
លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា អំណោយរបស់សម្ដេច ស ខេង មានថវិកា៥០០,០០០រៀល ចំណែករបស់នាយឧត្តសេនីយ៍ នេត សាវឿន មានថវិកា៥០០,០០០រៀល អង្ករ១បាវ ទម្ងន់៥០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខកំប៉ុង២ឡូ ប៊ីចេង០,៥គីឡូក្រាម ស្ករស០,៥គីឡូក្រាម និងមី២កេះ៕