(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា ទាំង៧០០នាក់ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្ត។
នាឱកាសនោះ លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមប្រឹក្សាឃុំ សង្កាត់ និងភ្នាក់ងារ គណបក្សទាំងអស់ និងបានផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៤ ជូនចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់គ្នាផងដែរ។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺគ្រប់ជាន់ថ្នាក់ គណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក សមាជិក សមាជិកា ដែលតែងតែរួមគ្នាខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាព ដែលបាននាំមកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាកន្លងមក និងឆ្ពោះទៅមុខ។
លោកបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាឱកាសនៃការនាំមកនូវការជួបជុំគ្នារវាងអង្គបោះឆ្នោត និងបេក្ខជបពេញសិទ្ធ និងបម្រុងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ជាស្មារតីនៃកិច្ចប្រជុំយុទ្ធសាស្រ្តក្នុងការផ្តល់ជូនជាព័ត៌មានចុងក្រោយ រំលឹកដល់អង្គបោះឆ្នោតចំពោះការត្រៀមនូវឯកសារ ការថែរក្សាសុខភាព សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខផងដែរ។
ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា ដែលជាអង្គបោះឆ្នោតទាំងអស់ឲ្យត្រៀមខ្លួនបានរួចរាល់ទាំងឯកសារ និងស្មារតី និងនាំគ្នាចេញទៅបោះឆ្នោតថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ទាំងអស់គ្នា។
លោកថា ការបោះឆ្នោត១សន្លឹករបស់អ៊ំពូមីង គឺជាការបង្ហាញនូវភាពជឿជាក់ ក្តីស្រលាញ់ ចំពោះគណបក្សប្រជាជនកម្ពុជា និងជាយន្តការមួយបន្ថែមទៀត សម្រាប់ថ្នាក់ការដឹកនាំខេត្ត ក្រុងស្រុក ក្នុងក្រមខណ្ឌខេត្តកំពង់ស្ពឺ ចូលរួមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍនៅមូលដ្ឋានបន្ថែមទៀត៕