(ភ្នំពេញ)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាល បានដឹកនាំគរុសិស្ស នៃសាលាគរុកោសល្យខេត្តកំពង់ឆ្នាំង ២៨០នាក់ និងក្រុមយុវជនក្រសួង ទៅទស្សនៈកិច្ចសិក្សានៅប្រាសាទអង្គរវត្ត និងស្វែងយល់ពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលទី១៣កម្ពុជា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។
នៅថ្ងៃទី១១ ខែកញ្ញាម្សិលមិញនេះ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សា នៅបារាយ៍ទឹកថ្លា និងប្រាសាទអង្គរតូច ក្នុងស្ថានភាពអាកាសធាតុរលឹមផ្សែងក្រូច ហើយនៅព្រឹកមិញនេះ លោករដ្ឋមន្រ្ដី រួមដំណើរដោយលោក សួស គង់ រដ្ឋលេខាធិការ និងលោក សាន វិសាល អនុរដ្ឋលេខាធិការ បានបន្តដឹកនាំ គរុសិស្ស នៃសាលាគរុកោសល្យខេត្តកំពង់ឆ្នាំង ទៅទស្សនាប្រាសាទបាយន្ត និងប្រាសាទបាពួន។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា បើតាមការគ្រោងទុក លោក នឹងបន្តដឺកនាំគរុសិស្ស ទៅទស្សនាទីតាំង និងប្រាសាទជាច្រើនទៀត ដូចជា ភិមានអាកាស ទីលានជល់ដំរី ទីលានព្រះគម្លង់ ប្រាសាទតាព្រហ្ម ស្រះស្រង់ និងប្រាសាទបន្ទាយស្រី ព្រមទាំ ប្រាសាទផ្សេងៗទៀត ក្នូងទឹកដីអង្គរខេត្តសៀមរាប។
បន្ថែមពីនេះ លោករដ្ឋមន្ដ្រី បានឲ្យដឹងថា នេះជាការអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាលជាមួយមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ៕