(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត Cui Lin (ឃ្វី លីន) សហប្រធានក្រុមវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ (JEE) បានថ្លែងកោតសរសើរជាខ្លាំង ចំពោះស្មារតី និងឆន្ទៈរបស់ក្រុមការងាររបស់ប្រទេសកម្ពុជាទាំងមូល ដែលជាអ្នកដោះស្រាយបញ្ហាប្រឈមនឹងស្ថានភាពលំបាក ជាពិសេសសមិទ្ធិផលអំឡុងរាតត្បាតជំងឺកូវីដ១៩ ដែលដោះស្រាយបញ្ហាជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ។

ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញចូលរួម «សិក្ខាសាលាសង្ខេបលទ្ធផលនៃការវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ ឆ្នាំ២០២៤ (Joint External Evaluation, JEE 2024)» នៅថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២៤​ នាសណ្ឋាគារសុខា ក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ។សិក្ខាសាលានេះ ក៏មានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត Dr. Babatunde Olowokure ប្រធានឆ្លើយតបបន្ទាន់ WHO និងតំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើនទៀត។

លោកស្រីវេជ្ជបណ្ឌិត Cui Lin បានថ្លែងបន្ដថា «អ្វីដែលខ្ញុំចំាមិនភ្លេច ហើយពិតជាមោទនភាពគួរឱ្យកក់សម្គាល់ និងកោតសរសើរយ៉ាងខ្លាំងនោះ គឺស្មារតី និងឆន្ទៈរបស់ក្រុមការងាររបស់ប្រទេសកម្ពុជាទាំងមូល ដែលជាអ្នកដោះស្រាយបញ្ហាប្រឈមនឹងស្ថានភាពលំបាក ជាពិសេសសមិទ្ធិផលអំឡុងរាតត្បាតជំងឺកូវីដ-១៩ ដែលជាអ្នកដោះស្រាយបញ្ហាជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ ហើយឈានទៅវាយតម្លៃ JEE ដែលជាមូលដ្ឋានក្នុងការកសាងផែនការសកម្មភាពជាតិ ក៏ដូចជាត្រៀមទៅនឹងលក្ខណៈឆ្លើយតបជំងឺរាតត្បាតផ្សេងៗទៀត ដែលកើតមាននៅពេលខាងមុខ»។ ក្នុងនាមវាយតម្លៃ JEE នេះ «ខ្ញុំពិតជាថ្លែងអំណរគុណ ដោយស្មោះអស់ពីចិត្ដ និងកោតសរសើរចំពោះក្រុមការងារកម្ពុជា ដែលបានធ្វើការសហការ ធ្វើការដោយបើកចំហរជាមួយគ្នាកន្លងមក ពិសេសក្នុងរយៈពេលបើកសិក្ខាសាលាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ»។

សម្រាប់ការវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ ឆ្នាំ២០២៤ បានរកឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០១៦ ក្នុងការអនុវត្តសមត្ថភាពស្នូលនៃនិយ័តកម្មសុខភាពអន្តរជាតិ ក្នុងការបង្ការ ការរកឃើញ និងការឆ្លើយតប ទៅនឹងជំងឺរាតត្បាតនានា ជាពិសេសកូវីដ-១៩ ក្នុងនោះ ដែលបានប្រើប្រាស់សម្រាប់ការវាយតម្លៃនៅឆ្នាំ ២០២៤ ក្នុងនោះរួមមាន៖

* កម្ពុជាមានសមត្ថភាពធ្វើបាន (Developed Capacity and Demonstrated Capacity) ប្រមាណ ៦០% នៃសូចនាករសមត្ថភាពស្នូលនិយ័តកម្មសុខភាពអន្តរជាតិ សរុបចំនួន ៥៦

* «សមត្ថភាពដែលនៅមានកម្រិត» ទទួលបានការវាយតម្លៃស្មើនឹង ៤៦% នៃសូចនាករវាយតម្លៃអន្តរជាតិ សរុបចំនួន ៤៨ នៅឆ្នាំ២០១៦ បានថយចុះមកត្រឹម ៣០,៤% នៅឆ្នាំ២០២៤ ដែលនេះមានន័យថា ប្រទេសកម្ពុជាយើងបានប្រសើរឡើងនូវ «សមត្ថភាពដែលនៅមានកម្រិត» ប្រមាណ ១៦% (ស្មើនឹងសូចនាករចំនួន ៥)។

* «សមត្ថភាពដែលមានការអភិវឌ្ឍន៍រួច» បានកើនឡើងប្រមាណ ១០% (ស្មើនឹងសូចនាករចំនួន ៨) ហើយ «សមត្ថភាពដែលបញ្ជាក់បាន» បានកើនឡើងប្រមាណ ៧% (ស្មើនឹងសូចនាករចំនួន ៥) ដែលធ្វើឱ្យ «សមត្ថភាពដែលមានការអភិវឌ្ឍន៍រួច« និង «សមត្ថភាពដែលបញ្ជាក់បាន» ឡើងដល់ ៣៩,៣% និង១៩,៦% បន្តបន្ទាប់គ្នា ខណៈដែលសូចនាករវាស់វែងត្រូវបានបង្កើនចំនួន ៨ទៀត នៅឆ្នាំ២០២៤នេះ។

បើទោះបីជាកម្ពុជាសម្រេចបានលទ្ធផលជាវិជ្ជមាន គួរឱ្យកត់សម្គាល់ដូចខាងលើនេះក្ដី ពីក្រុមអ្នកជំនាញវាយតម្លៃសុខភាពអន្តរជាតិ ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ក៏នៅតែស្នើ ក៏ដូចជាលើកទឹកចិត្តដល់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ និងពង្រឹងកិច្ចសហការបង្កើតផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាពនាពេលខាងមុខ តាមរយៈការឆ្លុះបញ្ចាំងលទ្ធផលទទួលបានក្នុងសូចនាករនីមួយៗ ដែលបានរកឃើញដោយក្រុមអ្នកជំនាញវាយតម្លៃអន្តរជាតិ នាពេលនេះ។ «ពិសេសជំរុញដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពពីមួយកម្រិតទៅមួយទៀតឱ្យបានកាន់តែប្រសើរ ដើម្បីឈានទៅដល់គោលដៅដែលយើងចង់បាន ក៏ដូចជាសកលលោក ដើម្បីឱ្យប្រជាជនមានសុខភាពល្អ»។

ព្រមជាមួយគ្នានេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចែករំលែកបទពិសោធន៍ល្អៗ និងការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតជាសកល ព្រមទាំងបានចែករំលែកធនធានដ៏កម្រ ដល់ប្រទេសជិតខាងក្នុងពេលមានជំងឺរាតត្បាតជាសកល និងជាពិសេសគឺការអនុញ្ញាតឱ្យនាវា Westerdam ចូលចតក្រោមការដឹកនាំប្រកបដោយព្រហ្មវិហាធម៌របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្រ្តីកម្ពុជានាពេលនោះ និងបានគ្រប់គ្រងការឆ្លងជំងឺជូនប្រកបដោយទឹកចិត្តមនុស្សធម៌ ស្មារតីសាមគ្គីភាព និងកិច្ចសហការអន្តរជាតិល្អ ព្រមទាំងគោរពតាមនិយ័តកម្មសុខភាពអន្តរជាតិ។

សូមជម្រាបថា សិក្ខាសាលាខាងលើនេះ គឺមានលក្ខណៈបច្ចេកទេសស៊ីជម្រៅ ដែលនឹងផ្តល់នូវធាតុចូលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា ឆ្លុះបញ្ចាំងនូវសមិទ្ធផល និងវឌ្ឍនភាព នៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ហើយក៏បានឈានទៅរកការឯកភាពគ្នាជាលក្ខណៈអន្តរវិស័យនូវកម្រិតសមត្ថភាពស្នូលទាំង ១៩ នៃនិយ័តកម្មសុខភាពអន្តរជាតិរបស់កម្ពុជា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ជំងឺឆ្លង និងគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ និងឯកភាពលើកម្រិតសមត្ថភាពស្នូល អាទិភាពជាយុទ្ធសាស្រ្ត និងប្រតិបត្តិការសម្រាប់ការបង្កើតផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាពនាពេលខាងមុខ។

តាមរយៈសិក្ខាសាលានេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានសង្ឃឹមយ៉ាងមុតមាំថា នឹងបង្កើតបាននូវអនុសាសន៍សំខាន់ៗ ក្នុងការគ្រប់គ្រងជំងឺឆ្លងដែលបានកើតឡើង ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ និងសន្តិសុខសុខភាពប្រកបដោយតម្លាភាព។ លទ្ធផលនៃការវាយតម្លៃអន្តរជាតិ នឹងរួមចំណែកដល់ការអនុវត្ត «យុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១» ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕