Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមានចាត់វិធានការណ៍ក្តៅចំពោះក្រុមហ៊ុនដឹកទំនិញ ដែលនៅតែល្មើសមិនគោរពច្បាប់ចរាចរណ៍

12-09-2016 12:50

(ពោធិសាត់)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការព្រមានដល់ក្រុមហ៊ុនដឹកទំនិញទាំងអស់ ដែលនៅតែប្រព្រឹត្តល្មើស នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យកែឥរិយាបថ ដើម្បីចូលរួមគោរព ច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់។

មួយរយៈពេលកន្លងមកនេះ នាយកដ្ឋានបានសង្កេតឃើញថា មានក្រុមហ៊ុនដឹកទំនិញមួយចំនួន បានចូលរួមគោលច្បាប់ចរាចរណ៍បានល្អ និងមួយចំនួនទៀតនៅតែប្រព្រឹត្តល្មើសដដែល ដូចជា រថយន្តដឹកសំពីងសំពោង រថយន្តគ្មានឈៀកអាជីវកម្ម រថយន្តគ្មានឈៀកបច្ចេកទេស រថយន្តគ្មានផ្លាកលេខ និងអ្នកបើកបររថយន្តគ្មានបណ្ណបើកបរ។ល។

នាយកដ្ឋាននគរបាលចរាចរណ៍បានបញ្ជាក់ថា បើយោងតាមមាត្រា៥៦ និងមាត្រា៧៥ និងមាត្រា៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺរយន្តល្មើសខាងលើមិនអនុញ្ញាត ឲ្យធ្វើ ចរាចរណ៍តាមដងផ្លូវ សាធារណៈឡើយ។

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមអំពាវនាវដល់ក្រុមហ៊ុនដឹកទំនិញ និងបងប្អូនដែលមានយានយន្តធើ្វចរាចរណ៍លើផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដង ផ្លូវឲ្យបាន កម្រិតទាបបំផុត៕