(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ សប្បុរសជនជាតិ-អន្ដរជាតិ មកពីស្ថាប័នរដ្ឋ និងឯកជនចំនួន ៨ បានបន្តនាំយកថវិកា និងអង្ករ មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ ពិធីនេះបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ក្នុងនោះរួមមាន៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំ មន្ដ្រីរាជការ ឧបត្ថម្ភថវិកាចំនួន ២០លានរៀល និងអង្ករ ៥តោន, លោក ហាក់ ប៊ុនធឿន និងលោកជំទាវ ស្រី តូច ឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិក, ធនាគារស្ថាបនា ភីអិលស៊ី ឧបត្ថម្ភថវិកាចំនួន ២០លានរៀល, PHNOM PENH MEDICAL SERVICE COMPANY LIMITED ឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារអាមេរិក, លោកបណ្ឌិត កែវ ណារ៉េន អគ្គនាយក ក្រុមហ៊ុន គង់ រ៉េន អភិវឌ្ឍន៍ ឯ.ក និងលោកស្រី ជួន លក្ខិណា ថវិកាចំនួន ៤ម៉ឺនរៀល, លោកស្រីឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានឧបត្ថម្ភថវិកាចំនួន ៤៥០,០០០រៀល, លោកស្រីវេជ្ជបណ្ឌិត ពុំ សូភិនី ថវិកាចំនួន ៤៥០,០០០រៀល និងក្រុមហ៊ុន Kampot Cement Co., Ltd បានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក។
ព្រមជាមួយគ្នានោះក៏មានសប្បុរសជាច្រើនទៀតបានចូលរួមថវិកា ជូនកាកបាទក្រហមកម្ពុជា តាមរយៈវេរថវិកាចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានថ្លែងថា ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនទាំងអស់ ដែលសមានទឹកចិត្តប្រកបដោយសប្បុរសធម៌ ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ហើយសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ជួយទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិ កាកបាទក្រហមកម្ពុជា។

លោកស្រីបានបន្ដថា ការប្រើប្រាស់ថវិកា របស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយសង្គ្រោះប្រជាជនរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្ដូងទឹកស្អាត ការសាង សង់ផ្ទះ ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា រួមជាមួយ ការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ជូនអ្នកងាយរងគ្រោះ នៅតាមមូលដ្ឋានគោលដៅមួយចំនួន ដើម្បីពួកគាត់យកទៅប្រកបរបរអាជីវកម្មផ្សេង ដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ការផ្តល់ថវិកាជារៀងរាល់ឆ្នាំ ចំនួន ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផា ហើយក្នុងឆ្នាំ២០២៣កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទបានប្រមាណ ជាង៩ម៉ឺន៩ពាន់គ្រួសារ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ សប្បុរសជនមកពីបណ្ដាក្រសួងស្ថាប័នរដ្ឋ និងឯកជន ជាតិ និងអន្ដរជាតិប្រមាណជិត១ពាន់នាក់ រួមទាំងប្រជាពលរដ្ឋ ជាអាជីករ សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ អ៊ុំ ពូ មីង លោកតា លោកយាយ កុមារា កុមារី ជាច្រើនរូបទៀត បានចូលរួមបរិច្ចាគថវិកាជាបន្ដបន្ទាប់ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យដំណើរការមនុស្សធម៌ ជួយជនងាយរងគ្រោះ និងរងគ្រោះបំផុតនៅកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាមិត្ដនៅលើសកលលោក។

ទន្ទឹមនឹងនោះបើទោះបីជាថ្ងៃទី៨ ខែឧសភា កន្លងផុតទៅក៏ដោយ ក៏កាកបាទក្រហមកម្ពុជា នៅតែបន្ដទទួលស្វាគមន៍ និងរង់ចាំជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា ហើយរាល់វិភាគទានទាំងនោះ គឺបានរួមចំណែកធ្វើឲ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងរងគ្រោះ ដែលត្រូវការចាំបាច់ការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា៕