(ញូយ៉ក)៖ វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន បានអះអាងថា លោកស្រី មានជម្ងឺរលាកសួត ហើយមានការហត់នឿយ និងខ្សោះជាតិទឹកជាខ្លាំង ដែលបានធ្វើឲ្យលោកស្រី រួសរាន់ចាកចេញពី ពិធីរំលឹកខួប១៥ឆ្នាំ នៃព្រឹត្តិការណ៍ដ៏សោកសៅ ដែលបានប្រារព្ធឡើងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។ ដោយឡែកកិច្ចប្រជុំសំខាន់ៗពីររបស់លោកស្រី ដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទ និង អង្គារ សប្តាហ៍នេះក៏ត្រូវបានលុបចោលផងដែរ។

ហេតុការណ៍នេះបានកើតឡើង ដោយលោកស្រី គ្លីនតុន ក្នុងវ័យ៦៨ឆ្នាំ បានកើតអការៈទន់ដៃទន់ជើង ខណៈដែលជំនួយការ០២នាក់ បានជួយគ្រាលោកស្រីចូលទៅក្នុងរថយន្ត ហើយហេតុការណ៍នេះ កំពុងបង្កឲ្យមានសំនួរជាច្រើនលើបញ្ហាសុខភាពរបស់លោកស្រី រួមជាមួយនឹងឱកាសថ្មីមួយទៀត សម្រាប់ឲ្យលោក ដូណាល់ ត្រាំភ៍ ដែលជាគូប្រជែងតំណែងប្រធានាធិបតីនោះ អាចវាយប្រហារមកលើលោកស្រី គ្លីនតុន បន្ថែមទៀត។

សេចក្តីថ្លែងការណ៍មួយ បានបញ្ជាក់ថាលោកស្រី ហ៊ីលឡារី គ្លីនតុន មានការហត់នឿយខ្លាំងពេក ទើបបានចាកចេញពីពិធី និងធ្វើដំណើរទៅកាន់ផ្ទះរបស់កូនស្រីលោកស្រី និងកំពុងតែមាន អារម្មណ៍ប្រសើរឡើងវិញហើយ។  វេជ្ជបណ្ទិតផ្ទាល់ខ្លួនរបស់លោកស្រី គ្លីនតុន បាននិយាយថា «លោកស្រី ត្រូវបានពិនិត្យឃើញថា មានជំងឺរលាកសួតកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយត្រូវបានឲ្យយោបល់ថា លោកស្រីគួរតែកែសម្រួលកាលវិភាគ ដ៏មមាញិករបស់លោកស្រី និងសម្រាកឲ្យបានច្រើន»

គួរបញ្ជាក់ថា កាលពីសម័យលោកស្រី គ្លីនតុន ធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងអណត្តិទី១ របស់ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា លោកស្ត្រីក៏ធ្លាប់ទទួលរងជំងឺធ្ងន់ផងដែរ ហើយមានពេលខ្លះ លោកស្រី ស្ទើរតែសន្លប់បាត់ស្មារតីពេលកំពុងបំពេញកិច្ចការងារសំខាន់ថែមទៀតផង៕