(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ គឺជាកិច្ចការដ៏សំខាន់មួយទាំងនៅស្ថាប័នសាធារណៈ និងឯកជន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបនេះ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបសម្តេចធិបតី អំពីសកម្មភាពការងាររបស់ក្រុមហ៊ុនលោក តាមរយៈការបណ្តុះបណ្តាលលើជំនាញភាពជាអ្នកដឹកនាំ (Leadership) នៅតាមបណ្តាប្រទេសនានា លើពិភពលោក។
លោកបណ្ឌិត ក៏បានគោរពជម្រាបសម្តេចធិបតី អំពីដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាឱកាសនេះ គឺជាលើកទីមួយ។ ការអញ្ជើញមកនេះមានគោលបំណងក្នុងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ (Soft Skills) ដែលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ (Leadership) ដោយលោកបណ្ឌិតបានផ្តល់វគ្គបណ្តុះបណ្តាលនិស្សិតកម្ពុជាជាង ២,០០០នាក់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ លោកបណ្ឌិត ក៏បានជម្រាបពីបំណងក្នុងការជួយផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតពិសេសលើការកសាងជំនាញភាពជាអ្នកដឹកនាំ។ លោកបណ្ឌិត ក៏បានបង្ហាញពីបំណងពង្រីកកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការអប់រំនេះនាពេលអនាគតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាលើកដំបូង។ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណក្រុមហ៊ុនរបស់លោកបណ្ឌិត ដែលបានផ្តល់វគ្គបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលជាការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ សម្តេចធិបតី បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស គឺផ្តោតលើការបង្កើនគុណភាពសិក្សាអប់រំ និងបង្កើនជំនាញបច្ចេកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញទន់ដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ការបណ្តុះបណ្តាលជំនាញទន់ ជាពិសេសភាពជាអ្នកដឹកនាំ គឺពិតជាមានសារៈសំខាន់ និងជាតម្រូវការរបស់អង្គភាព និងស្ថាប័នទាំងវិស័យសាធារណៈ និងឯកជន។ សម្តេចធិបតី បានមើលឃើញថា ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពខ្ពស់ ចាំបាច់ត្រូវចាប់ផ្ដើមពីការដឹកនាំខ្លួនឯង ជាមួយការលើកទឹកចិត្ត និងការប្រកាន់ខ្ជាប់សីលធម៌ និងគុណធម៌សម្រាប់ខ្លួនឯងជាមុនសិន៕