(ត្បូងឃ្មុំ)៖ លោក ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្តីពីការចាត់តាំងអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នៅសាលប្រជុំ (ខ) សាលាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកស្នងការរង អភិបាលក្រុងស្រុកទាំង៧ អធិការក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ណុប ឡងឌី បានលើកឡើងពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀន ដោយបានស្តាប់នៅរបាយការណ៍របស់ក្រុងស្រុកទាំង៧ចំណុះឱ្យរដ្ឋបាលខេត្ត ព្រមទាំងបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមស្នើឱ្យលោកមេបញ្ជាការ លោកមេបញ្ជាការរង លោកអធិការ ក្រុងស្រុកទាំងអស់ ត្រូវបន្តសហការណ៍ ព្រមទាំងអនុវត្តកិច្ចការងារបង្រ្កាបបទល្មើសគ្រឿងញៀននេះឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុតដើម្បីធ្វើយ៉ាងណាឱ្យតាមបណ្តាក្រុងស្រុកនីមួយៗគឺជាភូមិស ស្អាតគ្មានគ្រឿងញៀន»

លោក ណុប ឡងឌី ក៏បានជំរុញឱ្យរាល់មន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់គឺធ្វើយ៉ាងណាអនុវត្តតាមគោលការ៣កុំ ១រាយការ ហើយសូមឱ្យគ្រប់បណ្តាអ្នកពាក់ព័ន្ធទាំងអស់ចូលរួមធ្វើការផ្សព្វផ្សាយតាមតំបន់ក្រុងស្រុករបស់ខ្លួន ក្រសួងស្ថាប័ន ជាពិសេសនៅតាមសាលារៀន សាកលវិទ្យាល័យជាដើមអំពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដោយធ្វើការផ្សព្វផ្សាយ អប់រំ នៅកម្មវិធី (App No Drug)។

កម្មវិធីនេះមានមុខងារសំខាន់ៗចំនួន ៣គឺ ទី១៖ វីដេអូអប់រំ និងកម្សាន្តចំណេះដឹងបញ្ហាផល់ប៉ះពាល់គ្រឿងញៀន, ទី២៖ មុខងារស្វែងរកទីតាំងព្យាបាល និងស្តានីតិសម្បទាគ្រឿងញៀន និងទី៣៖ មុខងាររាយការណ៍ព័ត៌មានដល់សម្ថកិច្ច អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការបង្ក្រាបនៅបទល្មើសគ្រឿងញៀនបានឆាប់រហ័ស និងទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្តីពីការចាត់តាំងអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩នេះ គឺធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់បណ្តាអាជ្ញាធរ សមត្ថកិច្ច មន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាជំរុញ បង្ការ បង្ក្រាបបទល្មើសគ្រឿងញៀននេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕