(ភ្នំពេញ)៖ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) បានបង្ហាញការចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីហ្វូណនតេជោ ដែលជាព្រែកជីកជាប្រវត្តិសាស្រ្តលើកទី១ របស់កម្ពុជានៃគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្ត និងជំរុញការអនុវត្ត ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។


លោក ហ៊ឺ បាវី បានបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកនេះ កំពង់ផែស្វយ័តភ្នំពេញ នឹងទទួលបានជម្រើសប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកថ្មី ដែលធ្វើឲ្យការដឹកជញ្ជូនទំនិញរបស់អតិថិជន តាមរយៈកំពង់ផែស្វយ័តភ្នំពេញ កាន់តែមានភាពងាយស្រួល ទាន់ពេលវេលា និងតម្លៃសមរម្យ។

លោក ហ៊ឺ បាវី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៩ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ដោយប្រើរយៈពេលប្រមាណ២៦ខែ។ គម្រោងនេះមានជម្រៅទឹកត្រឹមតែ ៥.៤ម៉ែត្រប៉ុណ្ណោះ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោនេះ ធ្វើឱ្យការដឹកជញ្ជូនទំនិញពីកំពង់ផែស្វយ័ត​ភ្នំពេញ ទៅកាន់សមុទ្រកម្ពុជា បានលឿនជាងដឹកតាមវៀតណាម រហូតដល់ទៅជាង ១០០គីឡូម៉ែត្រ កាត់បន្ថយថ្លៃដឹកជញ្ជូន និងប្រតិបត្តិការនានាជិត ២០០ដុល្លារក្នុងមួយកុងតឺន័រ បើធៀបនឹងការដឹកជញ្ជូនតាមប្រទេសវៀតណាម។ តាមរយៈការកាត់បន្ថយថ្លៃចំណាយនេះ ធ្វើឱ្យកម្ពុជាបង្កើននូវឧត្តមភាពនៃការប្រកួតប្រជែង៕